(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨​នេះ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខមេក្លោងកែច្នៃគ្រឿងញៀនជនជាតិចិន២នាក់ និងបក្ខពួកខ្មែរ២នាក់ ​រួមជាមួយថ្នាំញៀនជិត២៧គីឡូក្រាម ដែលបង្ក្រាបបាននាពេលកន្លងទៅ មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ដ្រីនគរបាលជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍​ឯក ឡឹក វណ្ណៈ បានថ្លែងថា ក្រុមកែច្នៃគ្រឿងញៀននេះ ត្រូវបង្ក្រាបបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ​ក្រោមការណែនាំពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលការងារគ្រឿងញៀន និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានី។

បើតាមលោកឧត្តមសេនីយ៍នាយកមន្ទីរប្រឆាំងគ្រឿងញៀន ជនសង្ស័យដែលបង្ក្រាបបានទាំង៤នាក់ ទី១៖ឈ្មោះ លី ហុងអ៊ី ជនជាតិចិន, ទី២៖ឈ្មោះ ស៊ី យ៉ាងហ្វុង ជនជាតិចិន, ទី៣៖ឈ្មោះ ឈរ ប៊ុនឆាយ និងទី៤៖ឈ្មោះ សំ កុកឈាង ហើយប្រតិបត្តិការនេះធ្វើឡើងនៅ៣គោលដៅផ្សេងៗគ្នា។

គោលដៅទី១ ប្រព្រឹត្តនៅចំណុចផ្លូវអង្គរ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, គោលដៅទី២ ផ្ទះលេខ១២២ ផ្លូវលេខ២ ក្នុងបុរីកាំកូស៊ីធី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងគោលដៅទី៣ ផ្ទះលេខ១១២E2 ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ ប្រតិបត្តិក្ដៅគគុកទាំង៣ទីតាំងខាងលើនេះ កម្លាំងនគរបាលជំនាញដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ICE ១៨.១៦៦គីឡូក្រាម, ហេរ៉ូអ៊ីន២១៧.៨៣ក្រាម និងកេតាមិន ៨.៣៨៣គីឡូក្រាម សរុប២៦.៧៦៨គីឡូក្រាម។

សូមជម្រាបថា បើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ​រយៈពេល៤ខែដើមឆ្នាំនេះ ពោលពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨
បាន២,១៦៦ករណី ឃាត់ខ្លួន៤,៣០៤នាក់ ស្រី៣៧៣នាក់ ក្នុងនោះករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ១,៣៨០ករណី, ប្រើប្រាស់៧៨៦ករណី, អនុវត្ដដីកា៧៤ដីកា។ រឹបអូសសារធាតុញៀនគ្រប់ប្រភេទ ៦៤គីឡូក្រាម និង២៥៦កញ្ចប់, កញ្ឆាក្រៀម២២គីឡូក្រាម និង​១២២,៦៩៤​ដើម និងសម្ភារចាប់យកមាន រថយន្ដ២៣គ្រឿង, ម៉ូតូ៦២៦គ្រឿង, ទូរស័ព្ទ១៥១១គ្រឿង, ​ជញ្ជីង៨៣គ្រឿង, អាវុធខ្លី ៧ដើម និងអាវុធវែង ៧ដើម៕