(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជូនចំពោះ ថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

សារលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តន៍គោលនយោបាយ និងផែនការយុទ្ធសាស្ដ្ររបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ក្នុងបុព្វហេតុចូលរួមធានាថែរសក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការការពារសន្ដិភាពបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ក្នុងឱកាសនេះ សម្ដេចក្រឡហោម ស ខេង និងលោកជំទាវ សូមបួងសួងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ ​ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕​​