(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយថា អាចនឹងមានការបង្កៃគ្រឿងផ្ទុះ នៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ នេះបើតាមការបង្ហោះសារដោយ Facebook Page ផ្លូវការរបស់ស្ថានទូតអាមេរិក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍ខាងលើ នាពេលពេលកន្លងមកនេះមានសេចក្តីរាយការណ៍ព័ត៌មានថា សកម្មជនមួយក្រុម ប្រហែលជាអាចប៉ុនប៉ងបង្កៃគ្រឿងផ្ទុះនៅក្បែររមណីយដ្ឋាន វត្តភ្នំ ក្នុងរាជធានីភ្នំពេញ ឬក៏នៅតាមទីតាំងដែលជាគោលដៅសម្រាប់មនុស្សជួបជុំកម្សាន្តដទៃទៀត របស់ទីក្រុងភ្នំពេញឬខេត្តសៀមរាម នៃប្រទេសកម្ពុជា នាអំឡុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ជុំវិញដំណឹងដ៏ភ្ញាក់ផ្អើលនេះ បុគ្គលិករដ្ឋាភិបាលអាមេរិកទាំងអស់ ដែលបម្រើការនៅក្នុងប្រទេសកម្ពុជា ត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅជុំវិញវត្តភ្នំ និងត្រូវប្រយ័ត្ន ប្រយែងជាប់ជានិច្ច ចំពោះស្ថានភាពជុំវិញខ្លួនរបស់ពួកគេជាទូទៅតែម្តង។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមយ៉ាងដូច្នេះថា «សកម្មភាពដែលត្រូវធ្វើនោះ គឺត្រូវមានភាពប្រុងប្រយ័ត្ន នៅតាមតំបន់ដែលមានមនុស្សកកកុញច្រើន, ប្រសិនបើប្រទះឃើញវត្ថុគេទុកចោលគួរឲ្យសង្ស័យ ចាកចេញពីទីនោះជាបន្ទាន់, តាមដានការវិវត្តន៍ស្ថានការណ៍ថ្មីៗពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, និងត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះស្ថានភាពនៅជុំវិញខ្លួន»។
កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យ ជាតិគ្រប់គ្រងជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅក្រៅប្រទេសនោះ បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ បញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុតមិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុម «សម សេរី» មានផែនការរៀបចំការបំផ្ទុះនៅវត្តភ្នំ និងនៅសៀមរាប ដើម្បីរំខានការលេងសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសថា ផែនការលោកឯងពាក់ព័ន្ធថ្ងៃទី១២ នៅវត្តភ្នំ អ្នកឯងត្រូវប្រយ័ត្ន ខ្ញុំគ្រប់គ្រងសភាពការណ៍បានរួចមុនហើយ។ អាហ្នឹងមេក្បត់ជាតិមួយ សម សេរី កំពុងបញ្ជាមកឲ្យបង្កស្ថានភាពផ្ទុះ ខ្ញុំបានបញ្ជូនទៅឲ្យផ្នែកពាក់ព័ន្ធហើយ។ វាចងបង្កឲ្យមានសំឡេងផ្ទុះ ប៉ុន្តែផែនការរបស់អ្នកឯង ខ្ញុំបានចាប់យករួចមុនទៅហើយ។ អ្នកឯងប្រុងធ្វើនៅភ្នំពេញ ហើយនិងនៅសៀមរាប»៕