(ភ្នំពេញ)៖ ស្របតាមអនុសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា និងជានាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា បានអំពាវនាវដល់គ្រប់ម្ចាស់អាជីវកម្មទេសចរណ៍ ភោជនីដ្ឋាន អាហារដ្ឋាន និងឱសថស្ថានទាំងអស់ទូទាំងប្រទេសកម្ពុជា គប្បីរក្សាឲ្យបានជាដាច់ខាតនូវអនាម័យចំណីអាហារ អនាម័យផលិតផល ទំនិញរបស់ខ្លួនជូនអតិថិជនឲ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ។
ការអំពាវនាវបែបនេះ ត្រូវបានធ្វើឡើងចំពេលដែលប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមចេញដំណើរពីរាជធានីភ្នំពេញ ឬកន្លែងធ្វើការនានា ឆ្ពោះទៅស្រុកកំណើតរៀងៗខ្លួនច្រើនឡើងៗ គួរឲ្យកត់សម្គាល់ ខណៈដែលការចរាចរណ៍ទំនិញ ផលិតផល ឱសថ តម្រូវការសេវាកម្មនានា ក៏កំពុងមមាញឹកផងដែរ ពិសេសការបរិភោគចំណីអាហារក្នុងពេលធ្វើដំណើរ ឬក្នុងពេលឈប់សម្រាកជាដើម។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ពោលគឺកាន់តែគៀកទៅនឹងថ្ងៃចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងគ្រិស្តសករាជ ២០១៨ លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ទៀតថា លោកបានសង្កេតមានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរតាមរថយន្ត ម៉ូតូ ពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ឆ្ពោះទៅស្រុកកំណើតរបស់ពួកគាត់ ខណៈនោះលោកក៏បានសង្កេតឃើញការទិញដូរចំណីអាហារក៏មមាញឹកផងដែរ។
ហេតុដូច្នេះហើយ ទើបលោកប្រធាន ឡី សុភាព ទទូចអំពាវនាវដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីដ្ឋាន អាហារដ្ឋាន និងតាមឱសថស្ថានទូទាំងប្រទេសកម្ពុជា គប្បីរក្សាឲ្យបានជាដាច់ខាតនូវអនាម័យចំណីអាហារ ក៏ដូចជាអនាម័យផលិតផល ទំនិញរបស់ខ្លួនជូនអតិថិជនឲ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ព្រោះនេះមិនមែនដើម្បីតែប្រយោជន៍អតិថិជនប៉ុណ្ណោះទេ ក៏ដើម្បីជាប្រយោជន៍ និងកេរ្តិ៍ឈ្មោះមូលដ្ឋានអាជីវកម្មរបស់អាជីវករនោះទៀតផង។
ជាមួយគ្នានោះ លោកបានបន្តថា កត្តាដែលអាចឲ្យប្រជាពលរដ្ឋមានឱកាសប្រកបការងារសមរម្យ មានលទ្ធភាពទិញរថយន្ត ម៉ូតូសម្រាប់ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ មានផ្លូវខ្វាត់ខ្វែងសម្រាប់ធ្វើដំណើរ មានឱកាសទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ បងប្អូន ឪពុកម្ដាយ មានលុយចាយវាយសមរម្យយ៉ាងដូច្នេះនោះ គឺកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ សន្តិសុខ សណ្ដាប់ធ្នាប់ ដែលទាំងនេះជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងខិតខំយ៉ាងយកចិត្តទុកដាក់។
ទោះជាយ៉ាងណា លោកបណ្ឌិត ឡី សុភាព បានទទូចអំពាវនាវដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន ក្នុងការបើកបរដងផ្លូវទៅទីជិតទៅទីឆ្ងាយលើ ដើម្បីការពារសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអ្នកដទៃ ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចណ៍ កុំដឹកលើសទម្ងន់ ឬសំពីងសំពោង ត្រូវផ្ដល់សិទ្ធិអាទិភាព ក៏ដូចជាត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក៕