(កោះកុង)៖ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា សម្រាប់ខេត្តកោះកុង លោកបានត្រៀមកម្លាំងនគរបាលចំនួន៨០០នាក់ ដើម្បីរៀបចំផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ក្នុងងដំណើរកំសាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅរយៈពេលប៉ុន្មានថ្ងៃខាងនេះ។
លោកឧត្តមសេនីយ៍ សំ ឃិតវៀន បានជំរុញដាស់តឿនគ្រប់កម្លាំងអធិការ នៅតាមស្រុកទាំងអស់ត្រូវពង្រឹងវិន័យ មន្ត្រីក្រោមឱវាទរបស់ខ្លួនទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ដើម្បីចុះការពារសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងដំណើរកំសាន្តនាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។
លោកស្នងការ បានបញ្ជាក់ថា ក្នុងការដកកម្លាំងការពារសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំនេះ លោកក៏បានបែងចែកកងកម្លាំងជា៣ប្រភេទគឺកម្លាំង A B C ហើយកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវឈរនៅតាមគោលដៅរៀងៗខ្លួន ២៤/២៤ម៉ោង នៅតាមដងផ្លូវជាតិលេខ៤៨តាំង ពីចំណុចផ្លូវបំបែកស្រែអំបិល រហូតដល់ទីរួមខេត្ត ហើយសមត្ថកិច្ចគ្រប់គោលដៅ ត្រូវចែកខិតប័ណ្ណដែលមានការណែនាំបើកបរ ឱ្យគោរពច្បាប់ចរាចរ ត្រូវចេះយល់យោគគ្នា ក្នុងការធ្វើដំណើរនឹងមានដាក់ប្រព័ន្ធទូរស័ព្ទ ឱ្យបានគ្រប់អធិការដើម្បី ឱ្យពួកគាត់ងាយស្រួលធ្វើការទំនាក់ទំនងនៅពេលគាត់ ជួបបញ្ហាជាយថាហេតុណាអ្វីមួយ។
លោកស្នងការ បានសង្កត់ធ្ងន់ទៅបញ្ហាការអនុវត្តន៍ទៅលើច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវខិតខំពង្រឹងរិតបន្តឹងការអនុវត្តន៍ច្បាប់ឱ្យបានខ្លាំងក្លា បន្ថែមទៀតដើម្បីសុវត្ថិភាព។ ជាចុងក្រោយលោកស្នងការបានធ្វើការអំពារវរនាវដល់បងប្អូនប្រជាពលរដ្ឋបើកបរ ឱ្យចេះគោរពច្បាប់ចរាចរ ចេះយោគយល់គ្នាក្នុងការបើកបរ បើស្រវឹងកុំបើកបរ ។ល៕