(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ រថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញទាំង ៦០គ្រឿង ត្រូវបានបញ្ចេញដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត តាមបណ្តាផ្លូវគ្រោងទុករួមមានផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦។
នៅវេលាម៉ោងប្រមាណ ៥ទៀបភ្លឺនេះ គេបានឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាទៅឡើងជិះរថយន្តឆ្ពោះទៅស្រុកកំណើតរបស់ពួកគេ។ បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានជិះរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃនេះ បានថ្លែងបង្ហាញក្តីរំភើបរីករាយផងដែរ។
បណ្តាំឆ្មាំកន្លងទៅប្រជាពលរដ្ឋដែលទៅបាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវចំណាយថវិកាយ៉ាងតិចបំផុតម្នាក់ ៥ម៉ឺនរៀលទើបទៅដល់ទីរួមខេត្ត ហើយបើគ្រួសារខ្លះមានគ្នាពីរបីនាក់គាត់អាចចំណាយជាង ១០ម៉ឺនរៀលឡើងទៅ។ ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបងប្អូនប្រជាពលរដ្ឋជិះរថយន្តដោយឥតគិតថ្លៃនេះ បានធ្វើឲ្យគាត់សល់ថវិកាមួយចំណែកធំសម្រាប់យកទៅជូនក្រុមគ្រួសារ ឬចំណាយកិច្ចចាំបាច់ផ្សេងៗក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ។
ប្រជាពលរដ្ឋដែលកំពុងអង្គុយលើរថយន្តក្រុងដែលមានសភាពធំទូលាយ និងម៉ាស៊ីនត្រជាក់ស្រួលផងនោះ សុទ្ធតែបានបង្ហាញទឹកមុខញញឹមញញែម និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងបានយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋក៏ចង់ឃើញសម្តេចតេជោ ហ៊ុន សែន ផ្តល់រថយន្តក្រុងជិះដោយឥតគិតថ្លៃទៅលេងស្រុកកំណើតបែបនេះផងដែរ។ (សូមស្តាប់ការបង្ហាញចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋតាមរយៈវីដេអូបទសម្ភាសន៍នៅខាងលើ)
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈសរុបប្រមាណ ៦០គ្រឿងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចដាក់រថយន្ដក្រុងសាធារណៈដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក៏ព្រោះតែចង់បន្ថយការចំណាយប្រាក់របស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប ក្នុងពេលធ្វើដំណើរទៅស្រុកកំណើត ខណៈដែលក្រុមហ៊ុនដឹកអ្នកដំណើរឆ្លៀតឱកាសដំឡើងថ្លៃក្នុងរដូវនេះ។
បងប្អូនប្រជាពលរដ្ឋអាចឡើងរថយន្តក្រុងសាធារណៈនៅតាមទីតាំងដូចខាងក្រោមនេះ៖
* ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។
* ផ្លូវជាតិលេខ៣៖ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ផ្លូវជាតិលេខ៤៖ ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
* ផ្លូវជាតិលេខ៦៖ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC៕