(កំពត)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសតែងតាំងលោក ប៉ឹល កុសល ជាអភិបាលរងខេត្តកំពត ជំនួសលោក លី សាវេត ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារ ជាអភិបាលរងខេត្តតាកែវវិញ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ជាវ តាយ អភិបាលខេត្តកំពត និងមន្ត្រីរាជការ ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ នៅជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះ លោក សក់ សេដ្ឋា បានជំរុញឱ្យលោកអភិបាលរងខេត្តថ្មី ដែលទើបតែបានទទួលចូលកាន់មុខតំណែងនាពេលនេះ ត្រូវខិតខំរួមសហការសាមគ្គីគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យបានកាន់តែរីកចម្រើន និងប្រសើរឡើងបន្ថែមទៀត។
លោកថា «ត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ពិសេសក្នុងខេត្តកំពតទាំងមូល សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើគ្រប់ផ្នែកគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត»៕