(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ បានបញ្ជូនខ្លួន ប្ដីប្រពន្ធ២នាក់ ជាជនជាតិនីហ្សេរីយ៉ា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងប៉ុនប៉ងបោកប្រាក់ពីធនាគារ FTB ដើម្បីចាត់ការបន្ដតាមនីតិវិធី។
មន្រ្តីនគរបាលខណ្ឌ៧មករា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ លោក ជួន សុជាតិ ថា ជនសង្ស័យទី១-ឈ្មោះ ISAAC CHIBUNNA ជាប្តី អាយុ៥០ឆ្នាំ មុខរបរពាណិជ្ជករ និងទី២-ឈ្មោះ ISAAC REJOICE CHIBUNNA ជាប្រពន្ធ អាយុ៤៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរពាណិជ្ជករ ទាំង២នាក់ ស្នាក់នៅផ្ទះលេខ1E ផ្លូវលំ (3C) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ជនសង្ស័យទាំង២នាក់ បានឆបោកតាមប្រព័ន្ធ Electronic នៅចំណុចធនាគារ FTB ដែលមានទីតាំងលេខ៣៣CD តាមបណ្ដោយផ្លូវ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឡើងដោយជនសង្ស័យទាំង២នាក់ខាងលើ។ លុះដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ច នៃអធិការដ្ឋានខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ និងបានកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីតែម្ដង៕