(ភ្នំពេញ)៖ សមិទ្ធផលជាប្រវត្តិសាស្ត្របម្រើក្នុងវិស័យដឹកជញ្ជូនធំៗចំនួន៤ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់នៅមុនការឈានចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់បម្រើជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា។
សមិទ្ធផលធំៗទាំង៤ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមការអនុវត្តន៍ដោយផ្ទាល់ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការនេះ បានធ្វើឲ្យមានការសាទរយ៉ាងក្លៀវក្លាជាទីបំផុតពីប្រជាពលរដ្ឋខ្មែរ។
សមិទ្ធផលដែលមិនធ្លាប់មាននៅលើទឹកដីកម្ពុជា និងត្រូវបានស្តារឡើងវិញក្រោយការបំផ្លេចបំផ្លាញដោយភ្លើងសង្គ្រាមនេះរួមមាន៖
១. រថភ្លើងដឹកអ្នកដំណើរពីសិរីសោភណ ទៅក្រុងប៉ោយប៉ែត ព្រំដែនខ្មែរ-ថៃ៖ ខ្សែរថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែត ទៅសិរីសោភ័ណ និងត្រឡប់ពីសិរីសោភ័ណ មកប៉ោយប៉ែត ដែលខកខានដំណើការរយៈពេលប្រមាណ ៤៥ឆ្នាំដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនោះ ត្រូវបានបើកឲ្យដំណើការជាផ្លូវការឡើងវិញហើយ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។
ផ្លូវដែកនេះមានប្រវែងសរុបជិត ៥០គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងវិញដោយចំណាយថវិកាសរុបជិត ២២លានដុល្លារអាមេរិក។ ជាមួយការដាក់ឲ្យដំណើរការជាថ្មីនេះ រថភ្លើងមួយនេះត្រូវបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល៤ខែ ដោយឥតគិតថ្លៃ។ ក្នុងមួយថ្ងៃធ្វើដំណើរ ៣ជុំ ស្មើនឹង ៦ជើងទៅមក និងអនុញ្ញាតឲ្យផ្ទុកមនុស្សបានចំនួន១០០នាក់។
២. កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ៖ កាណូតដឹកជញ្ជូនអ្នកដំណើរលើផ្ទៃទឹកក្នុងរាជធានីភ្នំពេញនេះ មិនធ្លាប់មាននោះទេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ កាណូតដឹកអ្នកដំណើរនេះត្រូវបានដាក់ដំណើរការបណ្តោះអាសន្ននៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។ ជាមួយការដាក់ដំណើរការបណ្តោះអាសន្ននេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨។
កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ មានកំពង់ផែ ៦ទីតាំង និងកាណូតចំនួន ២គ្រឿង នាំចូលពីប្រទេសវៀតណាម និងក្រៅពីនោះក៏មានកាណូតចាស់ៗចំនួន ២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង។ ក្នុងកាណូតនោះមានបំពាក់ម៉ាស៊ីនត្រជាក់ថែមទៀតផង។ ការដាក់ឲ្យដំណើរការកាណូតដឹកអ្នកដំណើរនេះបានរួមចំណែកសម្រួលការធ្វើដំណើរ និងបញ្ចៀសការកកស្ទះចរាចរណ៍មួយផ្នែកធំ។
៣. រថភ្លើងដឹកអ្នកដំណើរពីរាជធានីភ្នំពេញ-ចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ រថភ្លើងដឹកអ្នកដំណើរពីកណ្តាលរាជធានីភ្នំពេញចូលទៅព្រលានយន្តហោះអន្តរជាតិនេះ ដែលជាសមិទ្ធផលថ្មីមិនធ្លាប់មានលើដឹកដីកម្ពុជាដែរនោះ ត្រូវបានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ រថភ្លើងដែលមានបំពាក់ដោយម៉ាស៊ីនត្រជាក់ដែរនេះ ក៏បានដាក់ឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨ផងដែរ។
រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ ខ្សែរថភ្លើងដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះនេះ រួមចំណែកជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរ។
សូមជំរាបថា ការយឺតយ៉ាវនាំចូលក្បាលម៉ាស៊ីនរថភ្លើងថ្មី ចំនួន៣គ្រឿង ដោយសារមានគ្រោះរញ្ជួយដីថ្មីៗនៅប្រទេសម៉ិចស៊ីកូ ធ្វើឲ្យមានការខូចខាតផ្នែកមួយចំនួនដូចជា បែកកញ្ជាក់ ដូច្នេះត្រូវពន្យាពេលដល់ចុងខែមិថុនា ឬដើមខែកក្កដា ឆ្នាំ២០១៨ ទើបមកដល់ប្រទេសកម្ពុជា។
៤. ស្ពានអាកាសស្តុបផ្សារដីហ៊ុយ៖ បើទោះបីមិនទាន់បញ្ចប់ការសាងសង់ទាំងស្រុងយ៉ាងណាក្តី តែដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងនោះ ស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ។
ស្ពានអាកាសផ្សារដីហ៊ុយ ក៏ជាសមិទ្ធផលធំមួយទៀតក្នុងរាជធានីភ្នំពេញសម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលតែងតែកកស្ទះចរាចរណ៍នៅស្តុបមួយនេះ។ ស្ពាននេះត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីចុងខែធ្នូ ឆ្នាំ២០១៦ មានប្រវែងប្រមាណ ៦១០ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ចែកចេញជា៤គន្លង ដោយចំណាយថវិកាសាងសង់ប្រមាណ ១៦លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលទទួលភារកិច្ចលើការងារទាំងនេះ បានថ្លែងថា សមិទ្ធផលធំៗទាំង៤ គឺជាមោទនភាពមួយសម្រាប់រូបលោក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងសម្រេចតាមការគ្រោងទុកជូនសម្តេចតេជោ ហ៊ុន សែន និងផ្តល់ជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ដើម្បីសម្រេចសមិទ្ធផលទាំង៤នេះឲ្យបានមុនពេលចូលឆ្នាំ ពេលខ្លះលោកត្រូវចុះដល់ការដ្ឋានទាំងយប់ក៏មាន ដើម្បីជំរុញការសាងសង់។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដែលកំពុងទទួលការកោតសរសើរពីប្រជាពលរដ្ឋលើស្នាដៃការងាររបស់ខ្លួននោះបានថ្លែងបញ្ជាក់ថា «ខ្ញុំពិតជារីកសប្បាយរីករាយ ដែលបានសម្រេចការងារដ៏មានសារៈសំខាន់នេះជូនរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋរបស់យើង»។
គ្រប់ពេលសម្ពោធសមិទ្ធផលទាំងនេះ លោកទេសរដ្ឋមន្ត្រី តែងបានផ្តល់តម្លៃជាសំខាន់ទៅលើសុខសន្តិភាពដែលកំពុងមាននៅក្នុងប្រទេសកម្ពុជា។ លោក ស៊ុន ចាន់ថុល ថ្លែងថា បើគ្មានសុខសន្តិភាពទេ កម្ពុជាគ្មានឱកាសអភិវឌ្ឍន៍ និងសម្រេចសមិទ្ធផលទាំងអស់នេះ បានឡើយ។
លោក ស៊ុន ចាន់ថុល តែងបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សានូវសុខសន្តិភាព ដើម្បីផ្តល់ឱកាសឲ្យសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាទាំងមូលអភិវឌ្ឍន៍ប្រទេស និងកសាងសមិទ្ធផលផ្សេងៗទៀតជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ៕