(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ រងការចោទប្រកាន់របស់ពីសំណាក់ពលរដ្ឋម្តងទៀត ដោយសារបានបញ្ជូនមន្ត្រីក្រោមឱវាទរបស់ខ្លួនទៅលួចធ្វើរបង នៅលើដីកំពុងមានទំនាស់ទាំងយប់ ខណៈមិនទាន់ដោះស្រាយ រួចរាល់រវាងភាគីទាំងពីរ ស្ថិតនៅចំណុច១០៨គ្រួសារ ក្នុងភូមិស្ទឹងបត់ ក្រុងប៉ោយប៉ែត។
លោកស្រី ឌី ស្រី ជាតំណាងប្រជាពលរដ្ឋទាំង១០៨គ្រួសារ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ឱ្យដឹងថា នាថ្ងៃទី១០ ខែមេសា ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានប្រើមន្ត្រីក្រោមឱវាទរបស់ដែលមានរថយន្តប្រមាណ៦ ទៅ៧គ្រឿង ពាក់ស្លាកលេខ ខ.ម ទៅចាក់ដីធ្វើរបងទាំងយប់ វេលាម៉ោង៨៖៣០នាទី ខណៈប្រជាពលរដ្ឋរវល់ទៅស្រុកកំណើត ក៏បានឆ្លៀតឱកាសឱ្យកូនទាហានរបស់ខ្លួនមកធ្វើរបងទៅវិញ។
តំណាងប្រជាពលរដ្ឋដដែល បានបន្តថា ខាងភាគីឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា «បានឆ្លៀតឱកាសធ្វើរបងនៅពេលយប់នេះ គឺធ្វើខុសពីការសន្យា ជាមួយពលរដ្ឋមិនឱ្យធ្វើរបង ដោយរង់ចាំការដោះស្រាយបញ្ហានេះសិន ប៉ុន្តែបែរជាលួចមកធ្វើរបងទាំងយប់ទៅវិញ ដោយពេលថ្ងៃមិនហ៊ាន ធ្វើរបងនោះទេ ព្រោះខ្លាចប្រជាពលរដ្ឋនាំគ្នាមកជំទាស់។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា គ្រាន់តែមានបញ្ហាជាមួយម្ចាស់ដីម្ខាងទៀតសោះ បែរជាបញ្ជាឲ្យកូនចៅមកយាមដី ដោយពលរដ្ឋចោទជាសំនួរថា តើទាហាននេះ សម្រាប់ការពារជាតិ ឬសម្រាប់ការពារដីរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា? ពលរដ្ឋបន្តថា រាល់ថ្ងៃនេះកងកម្លាំងប្រដាប់អាវុធទាំងអស់ គឺបានប្រាក់បៀវត្សរ៍ពីណា មិនមែនបានមកពីប្រជាជនទេឬ?
ពាក់ព័ន្ធបញ្ហានេះលោក អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ឱ្យដឹងថា បញ្ហាទំនាស់ដីធ្លីរវាងពលរដ្ឋចំនួន១០៨គ្រួសារ ជាមួយឧត្តមសេនីយ៍ ពេជ្រ វណ្ណា បន្ទាប់មានបណ្តឹងលោក បានចាត់ឱ្យមន្រ្តីមានសមត្ថកិច្ចចុះទៅហាមឃាត់ការចាក់ដី សាងសង់សំណង និងធ្វើរបងនៅលើដីមានទំនាស់នោះផងដែរ។
លោក សាន ស៊ានហូ បានថ្លែងថា លោកជាប់រវល់ទៅត្រួតពិនិត្យការគូសគំនូសផ្លូវ ហើយបានទទួលដំណឹងពីពលរដ្ឋថា មានឡានពី៦ ទៅ៧គ្រឿង ពាក់ស្លាកលេខ ខ.ម ទៅវ៉ៃក្តុងក្តាំងនៅលើដីមានទំនាស់ដើម្បីធ្វើរបង។ សម្រាប់ទំនាស់ដីធ្លីនេះគឺបានបន្សល់ទុកតាំងពីលោកមិនទាន់មកធ្វើជាអភិបាលក្រុងមកម្ល៉េះ ប៉ុន្តែកាលមានទំនាស់ដីធ្លីនេះ លោកបានរកឃើញថាមិនដឹងខាងណាខុស ខាងណាត្រូវនោះទេ គឺពាក្យបណ្តឹងប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅតុលាការ។
លោកអភិបាលក្រុងបានបញ្ជាក់ថា កន្លងទៅមានរបាយការណ៍ជាហូរហែរដោយសារមានអាជ្ញាធរស្រុកបានចុះបែងចែកដីឱ្យប្រជាជននៅតំបន់នោះ ដែលមានបណ្ណពណ៌ផ្កាឈូក តាំងពីសម័យលោក ស ចំរ៉ុង ជាអភិបាលស្រុក ទើបប្រជាជនរស់នៅលើដីនេះជាហូរហែរតាំងពីកន្លែងនេះជាព្រៃចំការមីន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានប្រើកម្លាំងក្រោមឱវាទ មកចាំយាមដីដោយគេដឹងថា ជាទាហានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ សម្រាប់ការពារព្រំដែន និងជាកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋផងដែរ បែរបញ្ជាឲ្យកម្លាំងដាក់យាមដីជាប្រយោជន៍ខ្លួនទៅវិញ បង្កឲ្យមានមហាជនរិះគន់យ៉ាងចាស់ដៃ នៅចំណុច១០៨គ្រួសារ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
តំណាងក្រុមប្រជាពលរដ្ឋចំនួន១០៨គ្រួសារម្នាក់ទៀតឈ្មោះ ខោ វណ្ណា បានថ្លែងថា «មកដល់ពេលនេះពួកខ្ញុំមាន លិខិតកំណត់លេខ ៣៥គអជខ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រង់ និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ កិច្ចសន្យាដែលសាម៉ីមេគ្រួសារ បានធ្វើ និងថតរូបរួចរាល់ហើយ ជាមួយក្រុមការងារ ប្រើប្រាស់ និងបែងចែកដីធ្លីខេត្ត-ស្រុក។ លិខិតកាន់កាប់ដីបណ្តុះអាសន្ន យោងសេចក្តីកំណត់លេខ ៣៥គអជខ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៩ គណៈកម្មាធិការ អភិវឌ្ឍន៍ជនបទខេត្ត ស្តីពីការគ្រប់គ្រងប្រើប្រាស់ដី ដើម្បីអភិវឌ្ឍន៍ខេត្ត យោងលិខិតបញ្ជាក់ស្តីពីការស្នើសុំរស់នៅ ក្នុងតំបន់តាំងលើលំនៅដ្ឋានថ្មីលេខ ១២៨៤»។
ពលរដ្ឋដដែលបានបន្តថា លិខិតស្រាវជ្រាវពីក្រសួងមហាផ្ទៃ លិខិតចុះលេខ១០២៨ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដើម្បីត្រួតពិនិត្យលើទម្រង់រដ្ឋបាល និងប័ណ្ណសំគាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ១១ប័ណ្ណរបស់លោក អ៊ូ សុខា, លោក តូច មករា និងលោក អ៊ិន សារឿន ហៅពឺត។ លុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៨ ទទួលបានលិខិតពីក្រសួងមហាផ្ទៃវិញ អំពីបណ្តឹង របស់ប្រជាពលរដ្ឋចំនួន១០៨គ្រួសារ ស្ថិតនៅភូមិស្ទឹងបត់ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្តឹងសុំឱ្យក្រសួងមហាផ្ទៃ ត្រួតពិនិត្យលើទំរង់រដ្ឋបាលពាក់ព័ន្ធ នឹងប័ណ្ណសំគាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន១១ ប័ណ្ណមានលេខC 0292, C0285, C0288, C0291, C0282, C0280, C0283, C0290, C0289, C0284, C0287 ស្មើទំហំដីចំនួន២០ហិកតា ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៣៕