(ត្បូងឃ្មុំ)៖ ឯកសណ្ឋានប្រជាការពារចំនួន៥០កំផ្លេ រួមទាំងថវិកាមួយចំនួន ត្រូវបានលោកឧញ៉ា លី វាសនា អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយឃុំគរ ស្រុកត្បូងឃ្មុំ និងលោកស្រី ម៉ាន ម៉ារីយ៉ាន យកទៅប្រគល់ជូនប្រជាការពារ ក្នុងឃុំគរចំនួន៥០នាក់ ដើម្បីជាការរួមចំណែកជួយការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាជន តាមភូមិឃុំដោយផ្ទាល់ ពិសេសក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ឆ្នាំ២០១៨នេះ។
ក្នុងនោះលោកឧកញ៉ា និងលោកស្រីក៏បាននាំយកអំណោយ និងថវិកាមួយចំនួន ទៅចែកជូនជូនបងប្អូនប្រជាពលរដ្ឋចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតមួយចំនួន ព្រមទាំងបានចូលរួមជូនជាថវិកា ដល់ក្រុមប្រឹក្សាឃុំសម្រាប់ពិធី អាហារសាមគ្គីឆ្លងឆ្នាំថ្មីផងដែរ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងប្រជាការពារ លោកឧកញ៉ា លី វាសនា និងលោកស្រី ធ្វើការសំណេះសំណាលដោយភាពរួសរាយរាក់ទាក់ និងបានលើកឡើងថា សព្វថ្ងៃប្រទេសជាតិយើងមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ដូច្នេះ យើងត្រូវតែរួមគ្នាការពារឲ្យបានដាច់ខាត ធ្វើយ៉ាងណាលុបបំបាត់នូវ សកម្មភាពមួយចំនួននៅក្នុងភូមិ/ឃុំរបស់យើង។ ដើម្បីរក្សាបាននូវ សន្តិសុខសណ្តាប់ធ្នាប់ល្អបានដាច់ខាត ចាំបាច់ត្រូវការកម្លាំងប្រជា ការពារដែលនៅផ្ទាល់ក្នុងភូមិនិមួយៗ ដូចនេះហើយទើបលោកឧកញ៉ា និងលោកស្រី សម្រេចនាំយកឯកសណ្ឋានមកប្រគល់ជូននាពេល នេះដើម្បីសម្រួលដល់ការប្រតិបត្តិការងារបានប្រសើថែមទៀត។
ក្រៅពីនោះ លោកឧកញ៉ា និងលោកស្រី បានសន្យាជួយបន្ថែម ទៀតនូវឯកសណ្ឋានជូនប្រជាការពារ និងប្រជាពលរដ្ឋទីទល់ក្រផងដែរ។
នៅក្នុងឱកាសនោះដែរមេឃុំគរ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងឃុំ ទាំងមូលត្រូវរួមសហការជាមួយ អាជ្ញាធរពិសេសមន្រ្តីប៉ុស្តិ៍រដ្ឋបាល ក្នុងការទប់ស្កាត់ក្រុមក្មេងទំនើង សកម្មភាពជូញដូរ និងប្រើប្រាសគ្រឿងញៀនជាដើម ដោយធ្វើ យ៉ាងណារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាព ជូនប្រជាជនយើងទាងអស់គ្នា៕