(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ សាលារាជធានីភ្នំពេញ បានចាប់ផ្តើមបញ្ចេញរថយន្តដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយឥតគិតថ្លៃហើយ។ ប្រជាពលរដ្ឋដែលអាចជិះរថយន្តដោយឥតគិតថ្លៃនេះ រួមមានប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦។
នៅព្រឹកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ នៅទីលានប្រជាធិបតេយ្យ ស្ថិតនៅផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ។ លោកអភិបាលបានជូនពរឲ្យប្រជាពលរដ្ឋធ្វើដំណើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រកបដោយសេចក្តីសុខសុវត្ថិភាព។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈសរុបប្រមាណ ៦០គ្រឿងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ការដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនេះ ធ្វើឡើងមុនចូលឆ្នាំពីរថ្ងៃ គឺថ្ងៃទី១២ និង១៣ ហើយក្រោយពេលចូលឆ្នាំពីរថ្ងៃទៀត គឺថ្ងៃទី១៧ និង១៨។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចដាក់រថយន្ដក្រុងសាធារណៈដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក៏ព្រោះតែចង់បន្ថយការចំណាយប្រាក់របស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប ក្នុងពេលធ្វើដំណើរទៅស្រុកកំណើត ខណៈដែលក្រុមហ៊ុនដឹកអ្នកដំណើរឆ្លៀតឱកាសដំឡើងថ្លៃក្នុងរដូវនេះ។
បងប្អូនប្រជាពលរដ្ឋអាចឡើងរថយន្តក្រុងសាធារណៈនៅតាមទីតាំងដូចខាងក្រោមនេះ៖
* ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។
* ផ្លូវជាតិលេខ៣៖ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ផ្លូវជាតិលេខ៤៖ ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
* ផ្លូវជាតិលេខ៦៖ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC៕