(ភ្នំពេញ)៖ ក្រុមហ៊ុនមួយឈ្មោះ JinYuTang Aquaculture (Cambodia) Co.,Ltd បានគ្រោងបោះទុនវិនិយោគ ១០០លានដុល្លារអាមេរិក លើគម្រោងវារីវប្បកម្មលើផ្ទៃដី ២៤០ហិកតានៅកោះកុង និងគម្រោងចិញ្ចឹម-ភ្ញាស់នៅក្នុងសមុទ្រទឹកជ្រៅ ទំហំ ២០០០ហិកតានៅកោះរ៉ុងសន្លឹម។ នេះបើតាម Facebook ផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។
លោក វេង សាខុន បានបញ្ជាក់ថា ក្រុមហ៊ុននោះ មានបំណងវិនិយោគគម្រោងវារីវប្បកម្មលើផ្ទៃដី ២៤០ហិកតា ដែលមានទីតាំងស្ថិតនៅឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងគម្រោងចិញ្ចឹម និងភ្ញាស់នៅក្នុងសមុទ្រទឹកជ្រៅ ទំហំ ២០០០ហិកតា ស្ថិតនៅតំបន់កោះរុងសន្លឹម ខេត្តព្រះសីហនុ ដែលក្រុមហ៊ុនបានគ្រោងវិនិយោគទឹកប្រាក់សរុបប្រមាណ ១០០លានដុល្លារអាមេរិក និងអាចផ្តល់ឱកាសការងារបាន៤៣០នាក់។
លោក វេង សាខុង ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននោះមានគោលដៅផ្គត់ផ្គង់ ចែកចាយ និងស្រាវជ្រាវផ្នែកវារីវប្បកម្មនៅកម្ពុជា តាមលក្ខណៈស្តង់ដារបរទេស ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងរៀបចំបញ្ចប់ការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា បន្ទាប់មកក្រុមហ៊ុននឹងរៀបចំផែនការមេ គ្រោងដាក់ស្នើជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែម្តង៕