(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រចលើកលែងអាករបន្ថែមលើមុខទំនិញលើអាហារមូលដ្ឋានចាំបាច់ប្រចាំថ្ងៃ រួមមាន ត្រី សាច់ និងគ្រឿងទេសមួយចំនួន សម្រាប់រយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។ នេះបើតាមប្រកាសរបស់ក្រសួង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។
ក្នុងប្រកាសដដែលបានបញ្ជាក់ទៀតថា បណ្តាអាហារមួយចំនួន ដែលត្រូវបានលើកលែងអាករនោះរួមមាន៖
១៖ សាច់សត្វចិញ្ចឹម គោ ក្របី ពពែ មាន់ ទា ចៀម ជ្រូក ទោះបីជាសាច់ស្រស់ ឬកែច្នៃដោយប្រឡាក់ ឬឆ្អើរ
២៖ ស៊ុតសាច់ចិញ្ចឹមគ្រប់ប្រភេទ ទោះបីជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ឬឆ្អើរ
៣៖ ត្រីទឹកសាប និងទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ
៤៖ ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់
៥៖ អំបិលគ្រប់ប្រភេទ
៦៖ ទឹកត្រី និងទឹកស៊ីអ៊ីវគ្រប់ប្រភេទ៕