(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងភរិយា ដែលទើបលក់អចលនទ្រព្យបាននាពេលថ្មីៗនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ក្នុងមួយឆ្នាំចំនួន៥ម៉ឺនដុល្លារ ចូលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស។
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃពុធនេះថា ការសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលមូលនិធិគន្ធបុប្ផា ដើម្បីចូលរួមចំណែក ជាមួយគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លាបំផុត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីជាផលប្រយោជន៍សុខភាព និងសុខមាលភាពរបស់កុមារកម្ពុជា រាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលបានទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីប្រកាសដាក់ឲ្យដំណើរការភ្លាមមានសប្បុរសជនជាតិ និងអន្ដរជាតិជាច្រើន ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ហើយគិតត្រឹមថ្ងៃប្រកាសផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» គឺទទួលបានសមាជិកស្ថានិក ចំនួន៥២រូប ដែលទទួលបានទឹកប្រាក់សរុបចំនួន ១លាន ២៩ម៉ឺនដុលា្លរអាមេរិក និង៦៨០លានរៀល។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃប្រកាសឲ្យដំណើរការជាផ្លូវការថ្ងៃនេះ រួមមានសមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្រផងដែរ។ ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ៕