Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់ម្ចាស់ភោជនីយដ្ឋានទូទាំងប្រទេស បង្កើនអនាម័យចំណីអាហារ ដើម្បីផ្ដល់សុខុមាលភាពជូនប្រជាពលរដ្ឋ

11-04-2018 19:55

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អគ្គនាយកបច្ចេកទេសសុខាភិបាល​ បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ទូទាំងប្រទេស ត្រូវបង្កើនអនាម័យចំណីអាហារ ឲ្យបានកាន់តែខ្ពស់ ដើម្បីផ្ដល់សុខុមាលភាពជូនប្រជាពលរដ្ឋ ពិសេសការបង្ការការពុលអាហារនៅកម្ពុជា​ ។

លោកស្រីវេជ្ជបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសចែកវិញ្ញាបនបត្រ ដល់ម្ចាស់អាជីវកម្ម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាលទៀត ដែលមានការអញ្ជើញចូលរួម ពីម្ចាស់អាជីវកម្ម អាហារដ្ឋាន និងតាមរោងចក្រជាច្រើនផងដែរ ។

លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន បានថ្លែងទៀតថា «សូមអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន សហការគ្នាជាមួយក្រសួងសុខាភិបាល ក្នុងការផ្ដល់នូវសុវត្ថិភាពផ្នែកអនាម័យចំណីអាហារ ជូនដល់ប្រជាពលរដ្ឋ​យើង ។ពិសេសយើង នឹងបន្ដជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់គ្នា ប្រឹងប្រែងបន្ដការងារនេះ ឲ្យបានកាន់តែល្អ ដើម្បីធានាថា ភោជនីយដ្ឋាននៅកម្ពុជា មានស្ដង់ដារ អាហារឆ្ងាញ់ មានគុណភាព និងអនាម័យល្អ»

លើសពីនោះ លោកស្រីវេជ្ជបណ្ឌិត ក៏បានស្នើឲ្យម្ចាស់ភោជនីយដ្ឋាន និងអ្នកដែលបានមករៀនវគ្គបណ្ដុះបណ្ដាលជាមួយមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាលហើយ ត្រូវបន្ដបើកវគ្គបណ្ដុះបណ្ដាលនេះ ទៅដល់បុគ្គលិករបស់ខ្លួនបន្ដទៀត ដើម្បីផ្ដល់នូវសុខុមាលភាពដល់ពលរដ្ឋយើង។

ទន្ទឹមនោះលោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ ​និងបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃ ក្រសួងសុខាភិបាល បានថ្លែងផងដែរថា «ពិតណាស់ការចុះវិញ្ញាបនបត្រ នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធានា និងជំនឿចិត្ដដល់អតិថិជន ជាតិអន្ដរជាតិ ពិសេសអាចទាក់ទាញភ្ញៀវទេសចរណ៍មួយចំណែកផងដែរ ហើយការអនុវត្ដន៍នេះ មិនមែនតែស្រុកយើងទេ គឺមាននៅគ្រប់បណ្ដាប្រទេស​ផងដែរ ដើម្បីបញ្ជាក់នូវស្ដង់ដាគុណភាព និងអនាម័យជូនអ្នកបរិភោគ»

លោកបន្ដថា ថ្លែងទៀតថា «សម្រាប់ថ្ងៃចែកវិញ្ញាបនបត្រ ម្ចាស់អាជីវកម្ម ឬម្ចាស់ភោជនីយដ្ឋាននៅក្នុងថ្ងៃនេះ មិនមែនជាលើកទីមួយទេ ហើយធ្វើជារៀងរាល់ខែតែម្ដង ហើយមកទល់នឹងពេលនេះ មាន ភោជនីយដ្ឋានសរុប ជិត៤ពាន់កន្លែងហើយទូទាំងប្រទេស តែចំនួននេះមិនទាន់ឆ្លើយតបសមស្របនៅឡើយទេ ដូច្នេះសូមស្នើឲ្យអាជីវករ ប្រកបអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ សហការជាមួយនឹងក្រសួងសុខាភិបាល ធ្វើយ៉ាងណាឲ្យភោជនីយដ្ឋាន ទូទាំងប្រទេសយើង ទទួលបានវិញ្ញាបនបត្រ បញ្ជាក់អនាម័យឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអ្នកញុំា កុំឲ្យប៉ះពាល់ដល់សុខភាព ឬការពុលអាហារ និងផ្ដល់ជំនឿទុកចិត្ដ រួមទាំងទាក់ទាញភ្ញៀវកាន់តែច្រើនបន្ថែមទៀត»

គួររម្លឹកថា កាលពីកន្លងទៅថ្មីៗនេះ លោកបណ្ឌិត ហេង ប៊ុនគៀត បានឲ្យដឹងថា ដោយអនុវត្ដទៅតាមគោលនយោបាយ ដាក់ចេញរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អត្រាពុលចំណីអាហារ នៅក្នុងប្រទេសកម្ពុជា ​នៅក្នុងឆ្នាំ២០១៧ បានធ្លាក់ចុះនៅសល់ត្រឹម៩ករណីប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៦ មានចំនួន១៩ករណី និងឆ្នាំ២០១៥​ មានចំនួន៣៣ករណីឯណោះ៕