(អាហ្វ្រិក)៖ ក្រសួងការពារជាតិអាល់ហ្សេរី នៅថ្ងៃពុធនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះយោធាមួយគ្រឿងនៅក្បែរព្រលានយន្តហោះ នៅឯភាគខាងជើងនៃប្រទេស បានកើនដល់២៥៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
យន្តហោះខាងលើនេះ ត្រូវបានអាជ្ញាធរអាល់ហ្សេរីអះអាងថា ជាប្រភេទ Il-76 បានធ្លាក់នៅក្បែរព្រលានយន្តហោះ នៃទីក្រុង ប្លីដា (Blida) ក្នុងខេត្ត បួហ្វារីក (Boufarik) កាលពីវេលាម៉ោង ៨៖០០នាទីព្រឹក ម៉ោងនៅទីក្រុងអាល់ជីស។ ក្រោយកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបានបញ្ជូនសមាជិក ១៣០នាក់ និងរថយន្តពេទ្យ១៤គ្រឿង ព្រមទាំងរថយន្តដឹកទំនិញ១០គ្រឿង ទៅកាន់កន្លែងកើត ហេតុ ប៉ុន្តែពុំមានមនុស្សណាម្នាក់នៅរស់ ឬក៏រងរបួសនោះឡើយ។
ដោយឡែកសម្រាប់មូលហេតុ ដែលបង្កគ្រោះថ្នាក់ដ៏អកុសល្យនេះឡើង គឺមិនទាន់មានការបញ្ជាក់នោះឡើយ ហើយនេះអាចនិយាយ បានថាជាគ្រោះថ្នាក់ធ្លាក់យន្ដហោះសម្លាប់មនុស្សច្រើនជាងគេបំផុត បន្ទាប់ពីការធ្លាក់យន្ដហោះ MH17 នៅភាគខាងកើតប្រទេស អ៊ុយក្រែន ដែលសម្លាប់មនុស្ស២៩៨នាក់ កាលពីខែកក្កដា ឆ្នាំ២០១៤៕