(ភ្នំពេញ)៖ លោកព្រះរាជអាជ្ញារងអមាសាលាដំបូង លោក ងិន ពេជ្រ បានថ្លែងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះថា លោកពិតជាបានអនុញ្ញាតឲ្យជនសង្ស័យម្នាក់ ត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ។

លោក ងិន ពេជ្រ បានថ្លែងទៀតថា ការអនុញ្ញាតឲ្យជនសង្ស័យត្រឡប់ទៅវិញនេះ ដោយសារតែតុលាការមិនទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើជនសង្ស័យនៅឡើយ។

ទោះជាយ៉ាងណា លោក ងិន ពេជ្រ បានបញ្ជាក់បន្ថែមថា សំណុំរឿងនេះ នៅមិនទាន់ចប់ឡើយ ពោលគឺស្ថិតក្រោមការស្រាវជ្រាវបន្ថែមទៀត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឈ្មោះ លី ច័ន្ទចំរុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទីប្រឹក្សានៅធនាគារពិភពលោក មានទីលំនៅផ្ទះលេខ៧C ផ្លូវលេខ១៨២ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១០២ អយព ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ របស់លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕