(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ សមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោ បានរៀបចំពិធីសំណេះសំណាល និងបំពាក់មេដាយជូនដល់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោចំនួន៣៤១នាក់ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌដង្កោ។
លោក នុត ពុធដារ៉ា បានសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងគិតគូដល់សុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសដល់អតីតយុទ្ធជន ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន មិនដែលបោះបង់ចោលបងប្អូនអតីតយុទ្ធជន ហើយបានយកចិត្តទុកដាក់គិតគូរ និងណែនាំដល់អជ្ញាធរគ្រប់លំដាប់ យកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និវត្តន៍ជន នូវរាល់បញ្ហា តម្រូវការ និងកង្វល់នានារបស់បងប្អូន ហើយកន្លងមកសមាគមអតីតយុទ្ធជនខណ្ឌដង្កោ បានយកចិត្តទុកដាក់ ផ្តល់ថវិកាមរណៈសង្គ្រោះដល់គ្រួសារអតីតយុទ្ធជនមរណភាព និងផ្តល់ថវិកាដល់គ្រួសារអតីតយុទ្ធជនមានជីវភាពខ្វះខាត ព្រមទាំងសាងសង់ផ្ទះជូនដល់យោធិនពិការ និងនគរបាលចូលនិវត្តន៍។
កម្មវិធីសំណេះសំណាលថ្ងៃនេះ ដើម្បីជាការដឹងគុណដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងបំពាក់មេដាយការងារការពារជាតិ ដើម្បីជាការលើកទឹកចិត្ត និងកោតសរសើរនូវគម្រូ នៃការខិតខំប្រឹងប្រែងរបស់បងប្អូន ទាំងអស់ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខ។
ប្រធានកិត្តិយស ស.អ.ក ខណ្ឌដង្កោ បានលើកឡើងពីការអភិវឌ្ឍន៍ឥតឈប់ឈររបស់ប្រទេសជាតិ ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបានធ្វើការផ្តាំផ្ញើរដល់បងប្អូនអតីតយុទ្ធជនទាំងអស់សូមបន្តគាំទ្រសម្តេចតេជោ នាយករដ្ឋមន្ត្រី និងរួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើងតទៅមុខទៀត។
ក្នុងឱកាសនោះក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ឲ្យថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីបន្តរស់នៅបានយូរអង្វែង មើលការរីកចម្រើនរបស់ប្រទេសជាតិយើង។
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៣៤១នាក់ បានទទួលនូវគ្រឿងឥស្សរយយស្តមេដាយមាស ចំនួន ០៥នាក់ មេដាយប្រាក់ចំនួន ១២៩នាក់ និងមេដាយសំរឹទ្ធ ចំនួន ២០៩នាក់ ព្រមទាំងទទួលបានថវិកា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងម្នាក់ៗចំនួន ០៥ម៉ឺនរៀល៕