(ព្រៃវែង)៖ លោក ឯម សំណាង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំពង់ឬស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង បានប្រាប់ទៅប្រពលរដ្ឋប្រមាណជាង៥០០នាក់ នៅខេត្តព្រៃវែងថា សន្តិភាពនាពេលបច្ចុប្បន្ននេះ កើតឡើងដោយស្នាដៃកូនខ្មែរទាំងអស់រួមគ្នាជាធ្លុងមួយ ទើបសម្រេចឲ្យបានមាននៅថ្ងៃនេះ វាមិនបានកើតចេញពីបរទេសណាផ្តល់ឲ្យនោះទេ។
ការថ្លែងបញ្ជាក់បែបនេះរបស់លោក ឯម សំណាង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយភូមិស្លា កំពង់ឬស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយចូលរួមជាអធិបតីភាពសម្ពោធ នូវសមិទ្ធិផលនានាក្នុងវត្ត ស្រីប្រសើរ ហៅវត្តស្លា ព្រមទាំងរាប់បាតលោកចំនួន១៥០អង្គ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង៥០០នាក់។
នាឱកាសក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនោះ លោក ឯម សំណាង បានលើកឡើងថា «សមិទ្ធផលទាំងអស់ដែលត្រូវបានសម្ពោធនៅពេលនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ និងប្រទេសជាតិរីកចម្រើនអភិវឌ្ឍន៍ទៅមុខ ទើបបានមានសមិទ្ធផលនានាត្រូវបានដាក់សម្ភោធនៅពេលនេះ។»
លោកបន្តថា «កត្តាសន្តិភាពនាពេលសព្វនេះកើតឡើងដោយដៃកូនខ្មែរសុទ្ធសាធ មិនមានបរទេសណាផ្តល់អោយនោះទេ គឺមានតែខ្មែរខ្លួនឯង ដែលស្វែងរកសន្តិភាពពាសពេញផ្ទៃប្រទេសទាំងមូល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនជាស្ថាបនិក បង្កើតសន្តិភាពនេះឡើង។ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស ទាំងអស់នេះគឺជាគោលនយោបាយរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស កំពង់អភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ»។
លោក ឯម សំណាង បានគូសបញ្ជាក់បន្ថែមថា «ជនក្បត់ជាតិ សម រង្សី លបចុះកិច្ចព្រមព្រៀងជាមួយ លោក កុក ស ដែលជាជនជាតិភាគតិចម៉ុងតាញ៉ា អ្នកប្រឆាំងនិងរដ្ឋាភិបាលវៀតណាម ថាបើ លោក កុក ស ជួយធ្វើយ៉ាងមិចគាំទ្រអោយគណបក្ស លោកកាន់រដ្ឋាភិបាលបាន ជនក្បត់ជាតិ សម រង្សី នេះ និងកាត់ដីបួនខេត្ត រួមមានខេត្តក្រចេះ, ស្ទឹងត្រែង, រតនគរី និងមណ្ឌលគិរី អោយជនជាតិភាគតិចម៉ុងតាញ៉ារស់នៅ ដោយស្របច្បាប់ ។»
ក្រៅពីនេះ លោក ឯម សំណាង ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងស្រុកនោះទៀតថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ១៨ ខែមេសា ឆ្នាំ២០១៨ រថយន្តក្រុងរបស់រដ្ឋនឹងដឹកបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតដោយមិនមានការបង់ប្រាក់ឡើយ។ លើសពីនោះលោកក៏បានចូលបច្ច័យក្នុងពិធីសម្ភោធ វត្តស្រីប្រសើរ ហៅវត្តស្លា ចំនួន១០លានរៀល, វត្តតាមោល១០លានរៀល គណៈកម្មាធិការបក្សឃុំ ៥០ម៉ឺនរៀល រួមនិងការឧបត្ថម្ភភូមិទាំង៧ ក្នុងឃុំកំពង់ឬស្សី ក្នុងមួយភូមិទទួលបាន៥០ម៉ឺនរៀល, ឧបត្ថម្ដល់ភអធិការស្រុក ប៉ូលូលីសប៉ុស្តិ៍ រួមនិងប្រជាការពារ៧០ម៉ឺនរៀល រួមនិងបំពាក់មេដៃជូនសប្បុរសជន ចំនួន១២នាក់អង្គផងដែរ៕