(ភ្នំពេញ)៖ បើតាមការបញ្ជាក់ឲ្យដឹងពី លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា នៅថ្ងៃ១១ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុង១ថ្ងៃៗ មានជនអនាថា អ្នកសុំទាន ចន្លោះពី១០ ទៅ២០នាក់ ត្រូវអាជ្ញាធរតាមខណ្ឌ ចាប់បញ្ជូនមកកាន់មណ្ឌល «សំចត» សង្គមកិច្ច រាជធានីភ្នំពេញ (ព្រៃស្ពឺ)។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ទៀតថា តែបើថ្ងៃមានបុណ្យជាតិធំៗ ឬពេលមានប្រតិភូអន្តរជាតិ មកបំពេញទស្សនកិច្ចនៅកម្ពុជា គឺមានជនអនាថា អ្នកសុំទាន ច្រើនជាងនេះ។ ប៉ុន្តែចំពោះជនអនាថាណា ដែលមានសាច់ញាតិ មករក មកធានា ខាងមណ្ឌលរៀបចំ និងធ្វើកិច្ចសន្យា ឲ្យយកត្រឡប់ទៅវិញផងដែរ។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្រី រៀបចំពិធីសំណេះសំណាល និងផ្តល់គ្រឿងឧបភោគបរិភោគ សារុង ថ្នាំដុសធ្មេញ សាប៊ូ ជូនដល់ជនរងគ្រោះ និងជនងាយ រងគ្រោះ ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌល «សំចត» សង្គមកិច្ច រាជធានីភ្នំពេញ (ព្រៃស្ពឺ) ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាស សប្បាយរីករាយ ក្រោមវត្តមានលោកស្រី មុំ សណ្តាប់ សមាជិកព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសមាជិកា សមាគម នៃខណ្ឌទាំង១២ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។
លោកស្រី មុំ សណ្តាប់ បានថ្លែងលើកទឹកចិត្ត ដល់ជនងាយរងគ្រោះថា «សូមបងប្អូន ពូ មីង ក្មួយៗ សូមកុំអស់សង្ឃឹម និងកុំបណ្តែតបណ្តោយ ឲ្យខ្លួនធ្លាក់ចូលផ្លូវណា ដែលសង្គមយើងស្អប់ខ្ពើម គឺនៅមានរាជរដ្ឋាភិបាល មានក្រសួង មន្ទីរ ស្ថាប័ន ពាក់ព័ន្ឋជាច្រើន នៅជិតកៀក និងចាំជួយបងប្អូន ពូ មីង និងក្មួយៗជានិច្ច»។
លោកស្រីបន្ដថា ដូច្នេះ ពូ មីង ក្មួយៗ ត្រូវថែរក្សាសុខភាព ឲ្យរឹងមាំឡើង បើសុខភាពយើងរឹងមាំនោះ យើងមានឱកាស បានសុខសប្បាយជាមួយសង្គមយើង ដែលកំពុងរីកលូតលាស់ ជាលំដាប់នេះ។ ក្មួយៗ មិនត្រូវផ្តេកផ្តួល ទៅតាមកម្មផល ហើយមិនត្រូវគិតថា ទាល់តែមានឪពុក-ម្តាយ ចាំបីបាច់ថែរក្សា ទំនុកបំរុងលុយកាក់ ទើបខ្លួនយើងអាចក្លាយ ជាមន្រ្តី រាជការ ជាអ្នកមាន មុខមាត់នៅក្នុងសង្គមនោះទេ។ ចំណេះដឹងរបស់ក្មួយៗ ត្រូវបានរាជរដ្ឋាភិបាល មិនមើលរំលងនោះទេ គឺដូចក្មួយៗ អ្នកមានឪពុក-ម្តាយ គ្រប់គ្រងអីចឹងដែរ។
លោកស្រី មុំ ចាន់ដានី ក៏បានរាយការណ៍ជូនប្រតិភូ អំពីទំនួលមើលថែទាំ និងសង្គ្រោះ របស់មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មាននាទីសំខាន់ ក្នុងការសង្គ្រោះដល់ជនរងគ្រោះ ជនងាយរងគ្រោះ ទុគតជន ជនអនាថា ជនវិបល្លាស្មារតី ជនពិការ ជនគ្មានទីពឹង ជនស្មូមទានតាមដងផ្លូវ តាមភ្លើងស្តុប ជនរងគ្រោះដោយសារធាតុញៀន ស្ត្រីរកស៊ីផ្លូវ ស្ត្រីរងគ្រោះ ដោយអំពើជួញដូរផ្លូវភេទ ពីតាមបណ្តាខណ្ឌទាំង១២ ក្នុងរាជធានី។
លោកស្រីប្រធានមន្ទីរ បន្តថា បច្ចុប្បន្ននេះ ជនរងគ្រោះទាំងនេះ បាននិងកំពុងស្នាក់នៅ ក្នុងមណ្ឌលមានចំនួន ៥៤៤នាក់ ក្នុងនោះស្រីចំនួន ១៦៨នាក់ ដោយគិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ដើម្បីមើលថែទាំ ផ្តល់ការហូប ស្នាក់នៅ អប់រំ ស្តារនីតិសម្បទា សិក្សាស្វែងរកគ្រួសារ ដែលពួកគេ ធ្វើចំណាកស្រុកប្រថុយប្រថាន ធ្វើសកម្មភាពមុខរបរប្រកប ដោយហានិភ័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ ។
លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្ន មន្ទីរសង្គមកិច្ច តែងតែយកចិត្តទុកដាក់ គិតគូរដល់ជនងាយរងគ្រោះ ជនមានស្មារតីវិបល្លាស ស្ត្រីរងគ្រោះ ជាប្រចាំ។ ព្រោះថា ស្ថាប័នមួយនេះ ត្រូវតែ គិតគូរយកចិត្តទុកដាក់ ជាប់ជាប្រចាំ ដោយអនុវត្តទៅ តាមគោលការណ៍របស់រាជរដ្ឋាភិបាល នៅពេលដែលពួកគាត់ មានទុក្ខកង្វល់ មានជំងឺ ឫខ្វះស្បៀង និងជួបបញ្ហា ដោយប្រការណា មួយ មន្ទីរ ក៏ដូចអាជ្ញាធរមូលដ្ឋាន តែងតែចុះជួយពួកគាត់ជារៀងរហូត ដែលទាំងអស់នេះ បញ្ជាក់ពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ។
ក្នុងឱកាសនោះ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើន ឧបត្ថម្ភដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ដើម្បីជួយទ្រទ្រុង ដល់ការចំណាយលើអាហារហូបចុក របស់មណ្ឌល សម្រាប់ផ្គត់ផ្គង់ដល់ជនរងគ្រោះ ជនអនាថា ជនងាយរងគ្រោះ ដែលយកពីតាមបណ្តាខណ្ឌ មកប្រមាណ ជិត៦០០នាក់ ដែលកំពុងស្នាក់នៅ ទទួលមើលថែទាំនៅមណ្ឌលព្រៃស្ពឺនេះ៕