(ភ្នំពេញ)៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាសូមពរជ័យសិរីសួរស្ដីឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខ នេះធនាគារជាតិ នៃកម្ពុជា ដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្រ្ដីបុគ្គលិកធនាគារជាតិទាំងអស់រៀបចំ ប្រារព្ធពិធីសូត្រមន្ដ លើរាសី ជ័យមង្គលសេរីសួរស្ដី ទទួលអំណរសាទរទេវតាឆ្នាំថ្មី នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។
ការប្រារព្ធពិធីសូត្រមន្ដនេះធ្វើឡើង ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ ព្រមទាំងប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ្រឹស្ដសករាជ២០១៨នេះ។
ក្នុងឱកាសឆ្នាំថ្មីនេះ លោក ជា ចាន់តូ បានបួងសួងដល់តេជះ បារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម មហោធរៈទេវី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរថ្វាយជូន ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រមទាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រជាជនខ្មែរទាំងអស់ សូមជួបប្រទះដោយ ពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕