(សៀមរាប)៖ ក្រុមបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងបុរាណវិទូ នៃអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) បានសហការជាមួយក្រសួងបរិស្ថាន ធ្វើកំណាយលើទីតាំងមួយឈ្មោះ បន្ទាយ ឬហៅថា «ផ្ទះគូចារ្យ» បានរកឃើញរចនាសម្ព័ន្ធសំណង់បុរាណមួយធ្វើពីឥដ្ឋនិងថ្មបាយក្រៀម។

ទីតាំងនេះស្ថិតនៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែននិយាមការ 48P 406579 1498122។

ទាក់ទងនឹងការអះអាងថា ទីនេះអាចជាអតីតរាជវាំងឬរាជដំណាក់របស់ព្រះបាទជ័យរវ្ម័នទី២នោះ លោក JB Chevance ប្រធានអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) បកប្រែដោយលោក សាឃឿន សក្កា បុរាណវិទូនៃអង្គការ ADF ឱ្យដឹងថា

១៖ យោងទៅលើឯកសារស្រាវជ្រាវរបស់បារាំង និងខ្មែរពីមុនៗដែលសន្និដ្ឋានថានេះជារាជវាំងរបស់ព្រះអង្គដែលទ្រង់បានមកតាំងរាជធានីនៅលើខ្នងភ្នំគូលែន។ តាមការសន្និដ្ឋា នរបស់អ្នកជំនាញ ទីនេះប្រហែលជាអតីត «រាជដំណាក់ឬរាជវាំង» របស់ព្រះបាទជ័យវរ្ម័នទី២ កសាងនៅដើមសតវត្សរ៍ទី៩ មានទំហំផ្ទៃដី៤០០ម៉ែត្រx៦០០ម៉ែត្រ។

២៖ បើយោងតាមសិលាចារឹកស្តុកកក់ធំ (K.235) ប្រមាណជាងពីរយឆ្នាំបន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ បានរៀបរាប់យ៉ាងក្បោះក្បាយពីការផ្លាស់ប្តូររាជធានីរបស់ព្រះអង្គពីតំបន់មួយទៅតំបន់មួយ ប៉ុន្តែមានការសន្និដ្ឋានច្រើនដូចគ្នាថាមហេន្ទ្របព៌ត គឺជាភ្នំគូលែនបច្ចុប្បន្ន ព្រោះមានប្រាសាទដែលព្រះអង្គប្រកាសរាជ បន្ទាប់ពីព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិរួច សំណង់សាធារណៈ ទំនប់ទឹក ប្រាសាទសម្រាប់សាសនា និងរាជវាំងក៏បានរកឃើញជាបន្តបន្ទាប់។

៣៖ ទីតាំងនេះក៏ធ្លាប់មានការសន្និដ្ឋានពីអ្នកស្រាវជ្រាវជាតិ-អន្តរជាតិថាប្រហែលជារាជវាំង ក៏ប៉ុន្តែនៅតែមិនទាន់មានភស្តុតាងបែបវិទ្យាសាស្ត្រណាមួយមកបញ្ជាក់នោះទេ ទើបក្នុងឆ្នាំ២០០៩ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានសហការជាមួយបុរាណវិទូនៃអង្គការ ADF ចាប់ផ្តើមធ្វើកំណាយ។ ជាលទ្ធផលនាពេលនោះ តាមរយៈការយកធ្យូងទៅពិសោធឃើញថា ទីតាំងនេះគឺស្ថិតក្នុងសតវត្សទី៩ នៃរាជរបស់ព្រះបាទជ័យវរ្ម័នទី២។

៤៖ ផ្អែកតាមទិន្នន័យ LiDAR ឆ្នាំ២០១២ និង ២០១៥ និងលទ្ធផលបឋមបានពីការធ្វើកំណាយក្នុងឆ្នាំ២០១៨នេះ បានបង្ហាញកាន់តែច្បាស់ពីរចនាសម្ពន្ធរៀបចំក្រុង មានទំនប់បុរាណ ប្រាសាទបុរាណ សំណង់សាធារណៈ ប្រព័ន្ធធារាសាស្ត្រ បារាយណ៍ជាដើម គឺចាប់ផ្តើមចេញពីទីតាំងមួយនេះ។ តាមសណ្ឋានដីទូទាំងភ្នំគូលែន អត់មានសណ្ឋានដីណាដូចកន្លែងនេះទេ ដែលមានទំនប់ព័ន្ធនិងផ្លូវខ្វាត់ខ្វែងជុំវិញ។

យោងតាមលទ្ធផលដែលសន្និដ្ឋានបឋមមាន៖

* យើងបានរកឃើញកាំជណ្តើរសង់ពីឥដ្ឋដែលជាច្រកចូលពីទិសខាងកើត។
* ចំពោះសំណង់កណ្តាលនៃអគារអាចបែងចែកជា៣ដំណាក់កាល។

ដំណាក់កាលទី១៖ ប្រហែលជាស្ថិតក្នុងរាជព្រះបាទជ័វរ្ម័នទី២ ក្នុងសតវត្សទី៩ បច្ចេកទេសសំណង់មានការបង្ហាប់គ្រឹះដោយប្រើដីលាយជាមួយកម្ទេចថ្មបាយក្រៀម គ្រួស បន្ទាប់មករៀបក្រវ៉ាត់ពីឥដ្ឋ មុននឹងធ្វើសំណង់ខាងលើ។

ដំណាក់កាលទី២៖ គឺចាក់ដីកម្រាស់៣០សង់ទីម៉ែត្រនៅលើកម្រាលឥដ្ឋដំណាក់កាលទី១ បន្ទាប់មកក៏រៀបកម្រាលឥដ្ឋនៅពីលើ។ ក្នុងដំណាក់កាលនេះ យើងមិនទាន់អាចធ្វើការសន្និដ្ឋានថាធ្វើពេលណានៅឡើយនោះទេ ដោយសារយើងមិនទាន់មានភស្តុតាងគ្រប់គ្រាន់។

ដំណាក់កាលទី៣៖ ស្ថិតក្នុងអំឡុងទសវត្សទី៦០ រហូតដល់បច្ចុប្បន្នតាមរយៈការសាកសួរពីចាស់ទុំនៅតំបន់នេះ ទៅទស្សវត្សទី៦០ គឺមានលោកតាអាចារ្យម្នាក់បានមកសង់ផ្ទះនេះដើម្បីតាំងធម៌ លុះដល់ប្រទេសមានសង្គ្រាមក៏បាត់ដំណឹងគាត់ចាប់ពីពេលនោះមក។

ក្នុងនាមជាអ្នកចូលរួមកំណាយផ្ទាល់ លោក ងិន សារុន បុរាណវិទូនិងជាបុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានបានឱ្យដឹងថា ការរកឃើញរចនាសម្ពន្ធសំណង់នេះពិតជាអស្ចារ្យខ្លាំងណាស់ វាជាទិន្នន័យថ្មីឱ្យដឹងកាន់តែច្បាស់ថាសំណង់នេះជាអ្វី សម្ភារៈធ្វើសំណង់ ដំណាក់កាលសាងសង់ តួនាទីសំណង់ ឆ្នាំកសាង និងចងក្រងជាឯកសារទុកសម្រាប់អ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវ។

លោកបន្តទៀតថា លោកបានជួយលើការងារបច្ចេកទេស ការគូរប្លង់ ការមើលស្រទាប់ដី ធ្វើឱ្យលោកបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងផ្នែកបុរាណវិទ្យាកាន់តែល្អប្រសើរ។

លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានអបអរសារទចំពោះលទ្ធផលដ៏ធំធេងនៃការរកឃើញភស្តុតាងថ្មីៗបន្ថែមទៀតនេះតាមរយៈកិច្ចសហការគ្នាជាមួយអង្គការADF ដែលបានចុះអនុស្សារណៈយោគយល់គ្នាតាំងពីឆ្នាំ២០០៨ លើកិច្ចការអភិរក្សការស្រាវជ្រាវផ្នែកបុរាណវិទ្យានិងកិច្ចការបណ្តុះបណ្តាលធនធានមនុស្ស។

ការងារកំណាយនេះ ក្រុមការងារនឹងប្រើរយៈពេលមួយខែក្នុងការបើកកំណាយស្រាវជ្រាវ ដោយចាប់ផ្តើមពីថ្ងៃទី១២ មីនា គ្រោងបញ្ចប់នៅថ្ងៃទី១៣ មេសា ឆ្នាំ២០១៨ខាងមុននេះ។

ក្រៅពីកិច្ចការកំណាយស្រាយជ្រាវនេះ អាជ្ញាធរជាតិអប្សរានិងអង្គការ ADF បាននឹងកំពុងចងក្រងសៀវភៅស្តីអំពី បញ្ជីសារពើភណ្ឌបុរាណវត្ថុនិងបុរាណដ្ឋាន នៅលើខ្នងភ្នំគូលែនដែលជាលទ្ធផលដ៏ធំធេង បានមកពីការងារស្រាវជ្រាវនិងចុះផ្ទៀងផ្ទាត់ ដល់ទីតាំងផ្ទាល់ដោយប្រៀបធៀបជាមួយទិន្នន័យដែលបានពីបច្ចេកវិទ្យា LiDAR ឆ្នាំ២០១២និង២០១៥។

លទ្ធផលទាំងនេះ នឹងក្លាយជាចំណែកបំពេញលក្ខខណ្ឌ ក្នុងការដាក់បញ្ចូលភ្នំគូលែនទៅជា សម្បត្តិបេតិកភណ្ឌពិភពលោកនាអនាគត៕