(បាត់ដំបង)៖ ក្នុងពិធីបំពាក់មេដាយកិត្តិយសជូនអតីតយុទ្ធជនប្រមាណ ៦១៥នាក់ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនបានថ្លែងទៅកាន់អតីតយុទ្ធជនថា ត្រូវ តែជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានអះអាងចំពោះមុខអតីតយុទ្ធជនថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នឹងបន្តនាំមកនូវវឌ្ឍនភាព វិបុលភាព និងសេចក្តីសុខសម្រាប់ជាតិ និងប្រជាពលរដ្ឋគ្រប់រូប។ ជាពិសេសគឺរក្សាបាននូវសុខសន្តិភាពលើដែនដីកម្ពុជា ដែលជាមរតកនៃកិច្ចខិតខំប្រឹងប្រែងរបស់អតីតយុទ្ធជនគ្រប់រូប។
នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់យ៉ាងដូច្នេះ «អតីតយុទ្ធជនយើងទាំងអស់ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយត្រូវប្តេជ្ញាការពារឲ្យបានគង់វង់នូវមរតកសន្តិភាព ដែល បានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូនក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ»។
ក្នុងឱកាសនោះលោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន ក៏បានសូមឲ្យអតីតយុទ្ធជនចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារ ជាភ្នែកជាច្រមុះឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដើម្បីផ្តល់ព័ត៌មានអំពីល្បែងស៊ីសង ការចរាចរណ៍គ្រឿងញៀន និងបទល្មើសផ្សេងៗក្នុងសហគមន៍ ដើម្បីឲ្យសមត្ថកិច្ចចាត់ការបង្ក្រាបមានប្រសិទ្ធភាព ធានាឲ្យភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា គ្រួសាររស់នៅមានសុភមង្គល។
លោកក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូន ក្នុងមហាគ្រួសារតែមួយ។
សូមបញ្ជាក់ថា អតីតយុទ្ធជន ស្រុករតនមណ្ឌល ដែលមកទទួលការបំពាក់មេដាយការពារជាតិនេះ រួមមាន ថ្នាក់មាស ១គ្រឿង ថ្នាក់ប្រាក់ ៩៧គ្រឿង និងថ្នាក់សំរិទ្ធ ៥១៧គ្រឿង។
នៅថ្ងៃដដែលនោះ នាយឧត្តមសេនីយ គន់ គីម បានអញ្ជើញប្រគល់ផ្ទះ ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនសមាជិកសមា គមក្រីក្រ ២គ្រួសារ ក្នុងស្រុកសង្កែ រួមមាន៖ លោក ឡៃ លឿត យោធិនពិការអាយុ ៤៨ឆ្នាំ រស់នៅភូមិ តាប៉ុន ឃុំតាប៉ុន និង អុំស្រី អឿម ទីន គ្រួសារជនពលី អាយុ ៦៨ឆ្នាំ រស់នៅភូមិទួលស្នួល ឃុំរាំងកេសី ដោយបានឧបត្ថម្ភនុូវសំភារៈដំណេក និងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ។
លោកយាយ អ៊ុង លាភ អាយុ ៧៥ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ដែលមានកូន ២នាក់ ជានគរបាល តែបានពលី នៅសមរភូមិស្តៅ បាននិយាយទាំងញញឹមញញែមថា ពួកខ្ញុំ មានក្តីរំភើបខ្លាំងណាស់ ដោយបានទទួលមេដាយ សំរិទ្ធ ការពារជាតិ នាពេលនេះ ហើយក៏មានចិត្តត្រេកអរមែនទែន ដោយបានជួប និងបានសំណេះសំណាលផ្ទាល់ជាមួយនាយឧត្តមសេនីយ៍ គន់ គីម៕