(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងលើកទិសដៅខែឧសភា ឆ្នាំ២០១៨ និងពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរមុខងារ ព្រមទាំងបំពាក់ឋានន្តរសក្តិជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំនួន២០០នាក់។  

លោកឧត្តមសេនីយ៍ត្រី បានថ្លែងថា «បន្ទាប់ពីការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំរួចហើយ សូមអស់លោកត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារកិច្ច និងគោរពតាមការណែនាំ និងបទបញ្ជារបស់ថ្នាក់លើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ និងប្រជាជន ជាពិសេសត្រូវស្មោះត្រង់ចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ»។

ក្នុងកិច្ចប្រជុំនោះដែរ មេបញ្ជាការខេត្ត បានឲ្យដឹងបន្តថា ថ្ងៃនេះជាមោទនភាពរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយបានការផ្តល់ទំនុកចិត្តពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលខេត្តនេះ បានការតែងតាំង ផ្លាស់ប្តូរមុខងារចំនួន ៣៦នាក់ ក្នុងនោះមាន ថ្នាក់មេបញ្ជាការរងខេត្ត ០១នាក់ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន និងនាយទាហានរងចំនួន ១៦៤នាក់ ក្នុងនោះថ្នាក់វរសេនីយ៍ទោចំនួន ០២នាក់ ថ្នាក់វរសេនីយ៍ត្រីចំនួន ០១នាក់ ថ្នាក់អនុសេនីយ៍ឯកចំនួន ២៥នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន ២៧នាក់ ថ្នាក់អនុសេនីយ៍ត្រីចំនួន ៦៥នាក់ ថ្នាក់នាយចំណង់ចំនួន ២៩នាក់ និងថ្នាក់ព្រិន្ទបាលទោចំនួន ១៥នាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ការទទួលបាននូវមុខងារ និងឋានន្តរសក្តិថ្ងៃនេះ គឺជាការលើកទឹកចិត្តជូនមន្ត្រីកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងមានស្នាដៃល្អក្នុងការអនុវត្តន៍តួនាទី ភារកិច្ច កន្លងមក៕