(ព្រះសីហនុ)៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់នាយនាវី នាយនាវីរង និងពលនាវី នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។
ក្នុងឱកាសនោះ លោក លូ គឹមឈន់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ នាយនាវី នាយនាវីរង ពលនាវី នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលបានចូលរួមចំណែកក្នុងការបំពេញការងារ ការពារ សុន្តិសុខ សុវត្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ លោកក៏បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរយកចិត្តទុកដាក់ ចុះសាកសួសុខទុក្ខនាយ-ពលទាហាន តាមបណ្តាកងពល យោធភូមិភាគ ក៏ដូចជាតាមបណ្តាអង្គភាពដទៃទៀតផងដែរ។
លោកបានជំរុញដល់នាយនាវី នាយនាវីរង ពលនាវី ត្រូវខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចស្នូល ខិតខំហ្វឹកហាត់កសាងសមត្ថភាព ចេះជួយដោះស្រាយបញ្ហាប្រឈមនានា របស់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន ពិសេសត្រូវមានការថែរក្សាសុខភាព ជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងអពើអបាយមុខនានា ដែលបង្កបញ្ហាដល់ខ្លួនឯង និងសង្គមជាតិ។
លោក លូ គឹមឈន់ បានឧបត្ថម្ភជូនដល់យោធិនម្នាក់ ថវិកា៥០,០០០រៀល ជូនអង្គភាពជប់លៀង ២០លានរៀល ជូនអង្គភាពសម្រាប់កសាង ៤០លានរៀលផងដែរ៕