(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជូនចំពោះ អភិបាល អភិបាលរង ប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី-ខេត្តទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
សារលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្ដេជ្ញាចិត្តដ៏មោះមុតរបស់មន្ដ្រីរាជការស៊ីវិលទាំងអស់ ក្នុងបុព្វហេតុចូលរួមធានាថែរសក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការការពារសន្ដិភាពបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ក្នុងឱកាសនេះ សម្ដេចក្រឡហោម ស ខេង និងលោកជំទាវ សូមបួងសួងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ អភិបាល អភិបាលរង ប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី-ខេត្តទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕