(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការ១០ចំណុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតឱកាសដែលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់ នៅពេលខាងមុខនេះ Fresh News ក៏សូមរំលឹកនូវវិធានការទាំង១០ចំណុចនេះ ឡើងវិញ ដើម្បីឱ្យអ្នកដំណើរចូលរួមអនុវត្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
វិធានការ១០ចំណុចនេះ រួមមានដូចខាងក្រោម៖
១៖ អ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរទាំងអស់ ត្រូវពាក់មួក សុវត្ថិ ភាពឱ្យបានត្រឹមត្រូវគ្រប់ៗគ្នាទោះជិតឆ្ងាយ។
២៖ មុនពេលបើកបរយានជំនិះ ត្រូវត្រួតពិនិត្យបច្ចេកទេសឱ្យបានម៉ត់ចត់ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ច។
៣៖ អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយទាំងអស់ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានគ្រប់ៗគ្នា។
៤៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានល្អ មិនថាជិតឬឆ្ងាយ
៥៖ សូមបន្ថយល្បឿនបើកបរទៅតាមស្ថានភាពផ្លូវ និងស្ថានភាពចរាចរណ៍ ដូចជាផ្លូវកោង...ជាដើម។
៦៖ មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចវ៉ាជែងដោយសុវត្ថិភាព កុំប្រថុយប្រថាន។
៧៖ ពេលបើកបរត្រូវប្រកាន់ស្តាំជានិច្ច និងគោរពសិទ្ធិអាទិភាព គឺត្រូវបន្ថយល្បឿន។
៨៖ បើពិសារគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសាគ្រឿងស្រវឹង។ព្រោះបើស្រវឹងអ្នកបើកបរនឹងបាត់ភាពម្ចាស់ការលើខ្លួនឯង។
៩៖ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់។
១០៖ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្នើប្រជាពលរដ្ឋគ្រប់រូបមេត្តាអត់ធ្មត់ ខន្តី អាធ្យាស្រ័យ ជៀសវាងការប្រើអំពើហិង្សា ត្រូវរួមគ្នាដោះស្រាយតាមនីតិវិធីច្បាប់៕