(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ជម្រុញដាស់តឿនឲ្យថ្នាក់ដឹកនាំទាំងអស់ ពង្រឹងវិន័យការងារ ដល់កងកម្លាំងក្រោមឱវាទ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ ពិសេសកម្លាំងប្រចាំបញ្ជា និងអន្តរាគមន៍ពិសេស ត្រូវមានវត្តមានជានិច្ច ពេលមានសភាពការណ៍កើតឡើង កម្លាំងត្រូវចេញធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសក្នុងឱកាសបុណ្យខាងមុខនេះ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់លើបញ្ហា អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវខិតខំពង្រឹង រឹតបន្តឹងការអនុវត្តច្បាប់ឲ្យខ្លាំងក្លាថែមទៀត ហើយអ្នកបើកបរគ្មានមួកសុវត្ថិភាព បើកបរក្នុងស្ថានភាពស្រវឹង និងការបើកលើសល្បឿនកំណត់។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចែកកាដូជាការលើកទឹកចិត្ត ជូនដល់មន្ត្រីនគរបាលខេត្តទាំងអស់ ចំនួន៩៨១នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១០,០០០រៀល, ស្រាបៀរ១កេះ ព្រមទាំងបានបែងចែកមី ទឹកក្រូច ជូនតាមការិយាល័យជំនាញ អធិការដ្ឋាន នគរបាលក្រុង ស្រុក និងតាមប៉ុស្តិ៍រដ្ឋបាលផងដែរ៕