(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល បានខិតខំថែរក្សាសុខសន្តិភាព និងកសាងបាននូវសមិទ្ធផលជាច្រើន ក្នុងមូលដ្ឋាននានា ដូច្នេះត្រូវតែខិតខំថែរក្សាការពារសុខសន្តិភាព និងសមិទ្ធផលទាំងនោះ ព្រមទាំងកំណត់ជោគវាសនា របស់ប្រទេសជាតិ ឲ្យបានគង់វង្សយូរអង្វែង ដល់កូនចៅជំនាន់ក្រោយៗទៀត តាមរយៈការទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោក ម៉ៅ ធនិន បានក្រើនរម្លឹកបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រួសារនិវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ក្នុងក្រុងពោធិ៍សាត់ ចំនួន៨២៤នាក់ ដោយបានការចូលរួមពីលោកស្រី ឯម ប៉ុណ្ណា, លោក កុសល្យ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោក លោកស្រី ក្នុងជួរថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងសមាជិកសមាជិកាអង្គពិធីជិត១ពាន់នាក់។
លោក ម៉ៅ ធនិន បានថ្លែងបន្តថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្កឱកាសជូនរៀមច្បង ជាអតីតមន្រ្តីរាជការស៊ីវិល បានជួបជុំពិភាក្សា សួរសុខទុក្ខ និងសំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យរឹតចំណងសាមគ្គីភាព និងមិត្តភាព និងជាការរំលឹកដឹងគុណ អតីតមន្ត្រីរាជការ ដែលបានខិតខំ តស៊ូ អត់ ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល នៃការរួបរួមសាមគ្គីគ្នា ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍ដំណែល និងស្នាដៃដ៏មានសារសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយ រៀនសូត្រ និងយកទៅអនុវត្តន៍តាម។
លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជាទូទៅរៀមច្បង ជាអតីតមន្ត្រីរាជការ រស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូច ដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់ គួបផ្សំនឹងរបបគោលនយោបាយប្រចាំខែ ដោយបើកប្រាក់បៀរវត្តន៍ តាមរយៈបច្ចេកវិទ្យាATM ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកបានបន្តថា គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ ទូទាំងខេត្តមានមុខសញ្ញានិវត្តន៍ជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ សរុបចំនួន ១៤២៧នាក់ ស្រី២៤៧នាក់ ក្នុងនោះក្រុងពោធិ៍សាត់ មានចំនួន ៨២៤នាក់ហើយ។
ជាចុងក្រោយ លោក ម៉ៅ ធនិន រួមជាមួយថ្នាក់ដឹកនាំ បានចែកជូនវត្ថុកំដរដៃ ដល់អតីតមន្រ្តីរាជការស៊ីវិលទាំង៨២៤នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ អង្ករ១០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល ព្រមទាំងបានពិសាបាយសាមគ្គីជួបជុំគ្នា ប្រកបដោយភាពស្និទស្នាលក្រៃលែង៕