(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ដឹកនាំប្រជុំបូកសរុបលទ្ធលផលប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារប្រឡងប្រណាំងឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
បន្ទាប់ពីអានរបាយការណ៍សង្ខេបដោយ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តរួចមក លោក ម៉ែន វិបុល អភិបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ និងណែនាំផ្តាផ្ញើដល់សមាជិកចូលរួម ត្រូវយកចិត្តទុកដាក់តាមដានស្តាប់ការណែនាំពីថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ ដើម្បីយកទៅអនុវត្តឲ្យបានកាន់តែប្រសើរថែមទៀត។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានឯកភាពទាំងស្រុងចំពោះរបាយការណ៍ដែលបានអានដោយ លោកស្នងការ ព្រមទាំងបានកោតសរសើរដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដែលមាននគរបាលខេត្ត កងរាជអាវុធហត្ថ និងយោធាខេត្តធ្វើជាសេនាធិការជូន ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ។
នាយឧត្តមសេនីយ៍អគ្គស្នងការ បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារតាមគោលដៅវត្តអារាម គោលដៅកន្លែងកំសាន្ត សប្បាយក្នុងខេត្ត និងតាមដងផ្លូវ និងត្រូវត្រៀមធ្វើផែនការ ការពារសន្តិសុខ សុវត្ថិភាពកម្មវិធីធំៗបន្តទៀត។
នាយឧត្តមសេនីយ៍ នេត សាវឿន បានចែកប័ណ្ណសសើរ និងថវិកាដល់ឃុំ/សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលជ័យលាភី ព្រមទាំងបានឧបត្ថមថវិកា ដល់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ចែងក្នុងកម្មវិធី១០លានរៀន, តំបន់ប្រតិបត្តិការសឹករងខេត្ត៥លានរៀល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ៥លានរៀល និងបានប្រគល់ជូនរថយន្តស៊ីរ៉េន ៨គ្រឿង ដល់អធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀតផងដែរ៕