(ភ្នំពេញ)៖ កម្ពុជា-ចិន នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (ស៊ីឈួន) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២១-២៣ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (ស៊ីឈួន) នេះនឹងរៀបចំឡើង នៅទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិននៃរាជធានីភ្នំពេញ ដែលជាព្រឹត្តការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មធំបំផុតរវាងខេត្តស៊ីឈួន និងកម្ពុជា។
ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (ស៊ីឈួន) ដែលរៀបចំឡើងដោយគណៈកម្មាធិការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(ស៊ីឈួន) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ លោក Li Dong Chun អគ្គលេខាធិការសមាគមខេត្តស៊ីឈួន បានថ្លែងឲ្យដឹងថា «ពិព័រណ៍នេះ នឹងរៀបចំឡើង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០១៨ ដោយមានក្រុមហ៊ុនចូលរួមប្រមាណ១០០ក្រុមហ៊ុន ដែលភាគច្រើនអញ្ជើញមកពីក្រុមហ៊ុនពីប្រទេសចិន ចំណែកឯក្រុមហ៊ុនកម្ពុជា មានតែបន្ដិចបន្ដួចតែប៉ុណ្ណោះ ចំណែកឯវិស័យដែលត្រូវបានចូលរួមរួមមាន៖ ក្រុមហ៊ុនលក់សម្ភារៈសំណង់, គ្រឿងសង្ហារឹម, សម្ភារៈបន្ទប់ទឹក, គ្រឿងតុបតែងផ្ទះ, គ្រឿងអំពូលភ្លើងជាដើម»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះការរៀបចំពិព័រណ៍ បានកំពុងដំណើរការទៅយ៉ាងរលូន ហើយរហូតមកដល់ពេលនេះអាគារសម្រាប់តាំងពិព័រណ៍ទីក្រុង ពាណិជ្ជកម្មចេងឌូបាយី កម្ពុជា-ចិន បានកំពុងសាងសង់បញ្ចប់ហើយដែរ ដែលមានផ្ទៃក្រឡាសរុបជាង ២.៤ម៉ឺនម៉ែត្រការ៉េ ហើយនឹងបើកដំណើរការជាផ្លូវការស្របពេលការតាំងពិព័រណ៍។
ទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិននេះ នឹងក្លាយទៅជាទីក្រុងសម្ភារៈគ្រឿងសំណង់ទ្រង់ទ្រាយធំជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយនេះជាប្រវត្តិសាស្រ្ដដែលកម្ពុជាត្រូវបញ្ចប់ការពុំមានទីផ្សារលក់សំភារៈសំណង់ខ្នាតធំ ជាមួយការនាំចូលនៃសំភារៈម៉ាកល្បីៗ ដើម្បីងាយស្រួលដល់ការទិញគ្រឿងសំណង់, គ្រឿងសង្ហារឹម និងគ្រឿងតុបតែងផ្ទះដែលមានគុណភាពល្អ និងតម្លៃសមស្រប។
លោក Li Dongchuan បានបញ្ជាក់បន្ថែមទៀតថា ពិព័រណ៍នៅឆ្នាំនេះ នឹងធ្វើតាមយុទ្ធសាស្ត្រនៃ « ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» សម្រាប់កសាងវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ពង្រីកទំហំថ្មីសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដែលផ្តោតសំខាន់លើគ្រឿងសង្ហារឹម សម្ភារៈគ្រឿងសំណង់ សម្ភារៈបន្ទប់ទឹក ផលិតផលសេរ៉ាមិច ភ្លើងចង្កៀងបំភ្លឺ គ្រឿងសង្ហារឹម ឥតការ៉ូ ថ្មម៉ាបថ្នាំលាប ថ្នាំបៀកជាដើម ដែលសុទ្ធសឹងជាមានម៉ាកល្បី ៗ ក្នុងប្រទេសចិន រួមជាមួយនឹងព្រឹត្តិការណ៍លក់បញ្ចុះដម្លៃជាច្រើនក្នុងពិព័រណ៍នេះ។
កម្ពុជាជាប្រទេសសំខាន់មួយ ដែលខេត្តស៊ីឈួនចូលរួមក្នុងកសាងយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលមានតម្រូវការយ៉ាងធំនៅក្នុងវិស័យគ្រឿងសង្ហារឹម សម្ភារៈគ្រឿងសំណង់, កសិកម្ម និងគ្រឿងចក្រជាដើម ៕