(ភ្នំពេញ)៖ ថ្លែងចេញពីវេទិកាប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
បញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុតមិនឲ្យបំណងទុច្ចរិតរបស់ក្រុមជន ដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ។
នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News សមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា បង្ហាញពីប្រវត្តិផែនការសំងាត់ជាច្រើន របស់មេភេរវករ សម សេរី និងបក្សពួក ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កើតរដ្ឋាភិបាលនិរទេសបំផ្លាញសន្តិភាពរបស់កម្ពុជា។
១៖ សកម្មភាពរបស់មេភេរវករឈ្មោះ សម សេរី (ហៅ អាយៀប, ហៅ សុខ ស៊ុយ ហៅ សំភិន ហៅ ស ធម្មរង្ស៊ី ហៅ សាភិន ហៅ ស មនីរ័ត្ន)
* អំឡុងឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៩ សម សេរី បានចូលរួមក្នុងសកម្មភាពជាមួយរណសិរ្សរួបរួមជាតិខ្មែរ ឬចលនាខ្លារំដោះ (ចលនាឧទ្ទាមកម្ម និងភេរវកម្ម) ដឹកនាំដោយ សោម ឯក។
* ថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៩ សោម ឯក និងបក្ខពួកមួយចំនួន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការដាក់គ្រឿងផ្ទុះនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ និងការដាក់បង្កៃគ្រឿងផ្ទុះនៅសួនច្បារមុខក្រសួងការពារជាតិ និងអតីតស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០០៩។
* សម សេរី និងបក្ខពួកមួយចំនួនជាមុខសញ្ញារត់គេចខ្លួនពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចក្នុងករណីខាងលើ និងបន្តសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដោយយកប្រទេសថៃធ្វើជាមូលដ្ឋានដឹកនាំបញ្ជា។
* ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ សម សេរី បានប្រកាសបង្កើតជាផ្លូវការនូវរណសិរ្សរំដោះជាតិខ្មែរ ដែលមានរចនាសម្ព័ន្ធចាត់តាំង។
២៖ រណសិរ្សរំដោះជាតិខ្មែរបានធ្វើសកម្មភាពកន្លងមក រួមមាន៖
* កសាងបណ្តាញកម្លាំងនៅក្នុងប្រទេសកម្ពុជា ចំនួន៤៦២នាក់
* ធ្វើសកម្មភាពទិញអាវុធនៅខេត្តកំពង់ធំ ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា (ត្រូវបានសមត្ថកិច្ចបង្រ្កាបចាប់ខ្លួនបាន០៣នាក់កាលពីថ្ងៃទី៣១ ខែមីនា និងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១)។
* បាចខិត្តប័ណ្ណប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាខេត្ត-រាជធានី។
* ឃោសនាប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ជាសេចក្តីថ្លែងការណ៍តាមគេហទំព័រ www.knlf.org។
* នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ សម សេរី ប្រកាសបង្កើតរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក់ ហើយមានសមាជិក រដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលជាតិខ្មែរនិរទេសចំនួន ៥៦នាក់។
៣៖ សម សេរី បានធ្វើសកម្មភាពទំនាក់ទំនងជាសម្ងាត់ជាមួយចលនាផ្សេងទៀតដូចជា៖
* ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ សម សេរី បានប្រជុំជាមួយសមាជិកសំខាន់ៗចំនួន០៧នាក់ នៃរណសិរ្សរំដោះជាតិខ្មែរ នៅប្រទសថៃ ដោយលើកអំពីផែនការ រៀបចំកម្លាំងបង្កប់នៅកម្ពុជាដើម្បីបំផ្លាញការបោះឆ្នោត។ ទន្ទឹមនេះ សម សេរី ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ សម រង្ស៊ី មកលើរណសិរ្សរំដោះជាតិខ្មែរ និងការពិចារណាអំពីការសហការជាមួយ សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ។
* ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ក្រុមរណសិរ្សរំដោះជាតិខ្មែរ ក្រុមសហព័ន្ធខ្មែរកម្ពុជាក្រោម និងក្រុមចលនាអំណាចពលរដ្ឋខ្មែរ បានប្រជុំនៅក្នុងប្រទេសថៃ ដើម្បីដាក់ផែនការសហការគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងស្ថានទូតវៀតណាមប្រចាំកម្ពុជា។
* ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ បណ្តាញមេដឹកនាំចលនាក្រៅច្បាប់នៅក្រៅប្រទេស ចំនួន១០នាក់ បានប្រជុំគ្នាសម្រេចរំសាយនូវចលនារណសិរ្សរំដោះទឹកដី កម្ពុជាក្រោម ដឹកនាំដោយ តាំង ម៉េងគូ, ចលនាអតីតយុទ្ធជនតស៊ូដើម្បីសេរីភាព(ចលនា ទាហានម៉ៃហ្វក) ដឹកនាំដោយ ថាច់ នីកូ និងរណសិរ្សរំដោះ ជាតិខ្មែរ ដឹកនាំដោយ សម សេរី ហើយបង្កើតជាចលនាតែមួយ គឺ “រណសិរ្សខ្មែរកម្ពុជាក្រោម” ក្រោមការ ដឹកនាំដោយ ១-តាំង ម៉េងគូ ប្រធានក្រុមប្រឹក្សាភិបាល, ២-ថាច់ នីកូ អធិបតី, ៣-សឺន ង៉ុកហ្វាង ប្រធានរដ្ឋ, ៤-សម សេរី នាយករណសិរ្ស។ (សមត្ថកិច្ចជំនាញកំពុងតាមដានសកម្មភាពជាក់ស្តែងរបស់រណសិរ្សថ្មីនេះ)
* ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ សម សេរី បានជួបជាសម្ងាត់ជាមួយ សម រង្ស៊ី នៅប្រទេសបារាំង។ ក្នុងជំនួប សម រង្ស៊ី បានប្រាប់ សម សេរី ឲ្យរក្សាទំនាក់ទំនងជា សម្ងាត់រវាងគណបក្សសង្រ្គោះជាតិ និងចលនារណសិរ្សរំដោះជាតិខ្មែរ។ ទន្ទឹមនេះ សម រង្ស៊ី ក៏បានជំរុញឲ្យ សម សេរី កសាងកម្លាំងចូលក្នុងកងកម្លាំងប្រដាប់អាវុធ។ សម រង្ស៊ី បានដាក់ផែនការបញ្ជូន ឈុន សារិទ្ធ ហៅ អ៊ូ គឹមហ៊ត ហៅចក់ (មុខសញ្ញាក្នុងចលនាខ្លារំដោះ និងរណសិរ្សរំដោះជាតិខ្មែរ) រស់នៅអាមេរិក ហើយក្លែងឈ្មោះចូលកម្ពុជា ដើម្បីធ្វើសកម្មភាពធំៗមួយចំនួននៅកម្ពុជាពេលខាងមុខ។
* ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ សម សេរី ជួបជាមួយ សម រង្ស៊ី នៅប្រទេសស្វីស ដោយក្នុងនោះ សម រង្ស៊ី ស្នើឲ្យ សម សេរី រៀបចំកម្លាំងទ័ព ដើម្បីយកឈ្នះលើ គណបក្សប្រជាជនកម្ពុជាដោយមានប្រទេសចំនួន២ គាំទ្រពីក្រោយ ព្រមទាំងផ្ដល់បច្ចេកទេសហ្វឹកហ្វឺន និងហិរញ្ញវត្ថុ។សម រង្ស៊ី ចង់បានកម្លាំងពីរប្រភេទ៖ * កម្លាំងយុវជនដែលហ្វឹកហ្វឺននៅណ័រវេសជាង ៣០០នាក់ បញ្ជូនមកកាន់កម្ពុជា ដើម្បីបង្កចលាចលតាមមូលដ្ឋានក្នុងពេលបោះឆ្នោត។
* កម្លាំងយុវជន និងសកម្មជននៅក្រៅប្រទេស និងក្នុងប្រទេស ទាក់ទងជាសម្ងាត់ជាមួយសមាជិកអតីតបក្សសង្គ្រោះជាតិ ក្នុងការរៀបចំគម្រោងប្រឆាំង នាពេលខាងមុខ។
៤៖ សកម្មភាពទំនាក់ទំនងជាមួយបរទេស
* ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៩៖៤៥នាទី ដល់ម៉ោង១០៖០៦នាទីព្រឹក សម សេរី បានដឹកនាំក្រុមរណសិរ្សរំដោះជាតិខ្មែរ ០៥រូបទៀត ជួបជាមួយលោក Mikael HemnitiWinther ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំក្រុងបាងកក ប្រទេសថៃ។ នៅក្នុងការជួបគ្នានេះបានពិភាក្សា និងការប្ដេជ្ញាចិត្តរបស់ដាណឺម៉ាក់ ក្នុងការទទួលស្គាល់ សម សេរី ជាមេដឹកនាំខ្មែរពេលអនាគត។
* ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង២រសៀល សម សេរី បានទៅជួបជាមួយលោក Bradley Cox ភ្នាក់ងារ CIA របស់អាមេរិក ប្រចាំទីក្រុងបាងកក ប្រទេសថៃ ដើម្បីស្នើសុំឲ្យលោក Bradley Cox ជួយរិះរកវិធីក្នុងការបង្កើតរដ្ឋាភិបាលនីរទេស។
សូមទស្សនារូបភាពនៃសកម្មភាពរៀបចំផែនការរបស់ក្រុម សម សេរី និងបក្សពួក ព្រមទាំងរចនាសម្ព័ន្ធនៅខាងក្រោម៖
សូមជំរាបថា ក្រៅពីបង្ហាញពីផែនការនេះ កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News សមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា សូមបង្ហាញនូវខ្សែអាត់សម្លេងសំងាត់បណ្តាញរបស់មេភេរវករ សម សេរី (ហៅ យាន យៀប) ដែលនិយាយគ្នាអំពីផែនការអាក្រក់ចង់ដាក់បង្កៃគ្រាប់បែក នៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នាឱកាសពេលចូលឆ្នាំខាងមុខនេះ គោលបំណងដើម្បីបំផ្លាញស្ថេរភាពនៅកម្ពុជា។
ពាក់ព័ន្ធខ្សែអាត់សម្លេងនេះ សមត្ថកិច្ចជំនាញជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះថា យោងតាមច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ និងច្បាប់ប្រឆាំងភេរវកម្ម សមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្តាប់កិច្ចសន្ទនារបស់ក្រុមដែលមានបំណងចង់បង្កភេរវកម្ម។
ពិសេសជាងនោះទៅទៀត លោក សម សេរី ប្រធានចលនារណសិរ្យរំដោះជាតិខ្មែរ ដែលមានឈ្មោះជាទណ្ឌិតបានអះអាងថា ពេលនេះអតីតគណបក្សសង្រ្គោះជាតិ បានចូលរួមជាមួយនឹងចលនារបស់លោករួចហើយ។ លោក សម សេរី ដែលកំពុងត្រូវសមត្ថកិច្ចស្វែងរកចាប់ខ្លួន បានទម្លាយរឿងនេះប្រាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
លោក សម សេរី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា បើសិនជាលោក ហ៊ុន សែន គាត់ចង់ចាប់សមាជិករណៈសិរ្យហ្នឹង គាត់ត្រូវចាប់ពលរដ្ឋទូទាំងប្រទេស ចាប់អ្នកប្រជាធិបតេយ្យ ទូទាំងប្រទេស ព្រោះឥឡូវគណបក្សសង្រ្គោះជាតិ ក៏ចូលរួមជាមួយរណសិរ្យរំដោះជាតិខ្មែរដែរ អញ្ចឹងគាត់មិនអាចចាប់សមាជិករណសិរ្យរំដោះជាតិខ្មែរទាំងអស់បានទេ»។
សូមស្តាប់សម្លេងសន្ទនាសំងាត់ និងការអះអាងរបស់ សម សេរី នៅខាងក្រោម៖
សូមស្តាប់សម្លេងសន្ទនាសំងាត់អំពីផែនការចង់ដាក់បង្កៃគ្រាប់បែកនៅវត្តភ្នំ និងសៀមរាប
សូមស្តាប់លោក សម សេរី អះអាងប្រាប់វិទ្យុអាស៊ីសេរីថា អតីតគណបក្សសង្រ្គោះជាតិ ក៏បានចូលរួមសកម្មភាពជាមួយខ្លួនដែរ