(បាត់ដំបង)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ដើម្បីជាសុវត្ថិភាពជូនប្រជាជនខ្មែរ ដោយបានរកឃើញសាច់មាន់ និងនំចម្រុះខូចគុណភាព១៧៣គីឡូក្រាម យកមកដុតកម្ទេចចោល ដែលបានដាក់លក់ នៅផ្សារស្រុកបវេល និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីសុខភាពប្រជាពលរដ្ឋមុនពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ មន្រ្តីជំនាញយើងបានទប់ស្កាត់ទុកជាមុនផងនោះ ដែលមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅស្រុក២ផ្សេងគ្នា ដែលក្នុងនោះរួមមាន៖
១- ផ្សារបវេល និងផ្សារខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មន្រ្តីយើងបានរកឃើញ និងដកហូតទំនិញខូចគុណភាពចំរុះប្រមាណ៨៣ គីឡូក្រោម យកមករក្សាទុកនៅសាខា ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
២- នៅប៉ុស្ដិ៏អូររំដួលស្រុកភ្នំព្រឹកឃាត់បាន សាច់មាន់ ជង្គង់មាន់ចំនួន ៧០ គីឡូក្រោម និងនំចម្រុះខូចគុណភាពចំនួន ២០គីឡូក្រោម យកទៅដុតកម្ទេចចោលភ្លាមៗ ដោយមានការចូលរួម ពីសមត្ថកិច្ចចម្រុះនៅប្រចាំប៉ុស្ដិ៍ មានមន្ត្រីគយ នគរបាល និងមន្ត្រីស្នាក់ការប៉ុស្តិ៍ចូលរួមផងដែរ។
លោកប្រធានសាខាកាំកុងត្រូវបានបញ្ជាក់ថា ទោះជាអាជីវករមួយចំនួន នៅតែដាក់តាំងលក់ទំនិញរបស់ខ្លួនមានការហួសកាលបរិច្ឆេទកំណត់ ដោយមិនបានចាប់អារម្មណ៍ ឬ យ៉ាងណាក៏ដោយ មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ និងធ្វើការណែនាំពីផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ជាប្រចាំ ម្យាងវិញទៀតអ្នកលួចនាំចូលទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដ៏ទៃ គឺសមត្ថកិច្ចជំនាញតែងតែទប់ស្កាត់បានទាន់វេលាផងដែរ៕