(ភ្នំពេញ)៖ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌឫស្សីកែវលោក ជា ពិសី អភិបាលខណ្ឌ និងលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាំរបាំត្រុឌ ក្នុងការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ជាមួយគ្នានោះ មន្ត្រីជាប់កិច្ចសន្យា និងមិនជាប់កិច្ចសន្យា រួមនិងកម្លាំងប្រជាការពារ សរុបជិត២០០នាក់ ក្នុងសាលាខណ្ឌឫស្សីកែវទាំងអស់ ពិតជាមានការសប្បាយរីករាយយ៉ាងក្រៃលែង បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភ ក្នុងម្នាក់ៗ ចំនួន៤ ទៅ៥ម៉ឺនរៀល និងប៊ីយៀ១កេស ទៅតាមតួនាទីភារកិច្ចពីលោក ជា ពិសី នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចូលមកដល់ក្នុងពេលឆាប់ៗដ៍ខ្លីខាងមុខនេះ តាមអនុសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
លោក ជា ពិសី បានថ្លែងថា ការរៀបចំពិធីសូត្រមន្ដនេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃសាលាខណ្ឌឫស្សីកែវ ព្រមទាំងប្រជាពលរដ្ឋ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំច នព្វស័ក ពុទ្ធសករាជ ២៥៦២ ខាងមុខនេះ។
លើសពីនេះ លោក ជា ពិសី បានថ្លែងបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា រយៈពេល៣ថ្ងៃជាប់គ្នា ខាងមុខនេះ រដ្ឋបាលខណ្ឌឫស្សីកែវ មានរៀបចំពិធីសង្ក្រាន្ដ២០១៨ នៅវត្តទួលសន្តិវ័ន្ដ (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីជួបជុំ ទាំងសប្បុរសជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ព្រះសង្ឃ ជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នូវទូទាំងខណ្ឌឫស្សីកែវ អាចមកចូលរួមកំសាន្ដសប្បាយ ដោយមានការរាំរែកផងដែរ នៃព្រឹត្តិការណ៍សង្ក្រាន្តឫស្សីកែវ ក្នុងឆ្នាំ២០១៨នេះ។
សូមជម្រាបថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក នឹងចូលមកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ០៩៖១២នាទី។
១៖ ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម
២៖ ទ្រង់គ្រឿងលម្អ និងផ្កាឈើ
៣៖ អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត
៤៖ ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស)
៥៖ សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍
៦៖ ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)៕