(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នាយកដ្ឋានស៊ើបអង្តេត និងអនុវត្តនីតិវិធី បានសហការជាមួយក្រុមការងារប៉ូលីសចិន បានបណ្តេញចេញជនជាតិចិនចំនួន៨៩នាក់ មានស្រី១៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បទល្មើសហ្គេមអនឡាញ និងឆបោកតាមប្រព័ន្ធអ៊ីនធឺណែត តាមជើងយន្តហោះចំនួន០២លើក។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រុមជនជាតិចិនទាំងនេះ ត្រូវបានបណ្តេញចេញតាម ជើងទី១ ពី PHNOM PENH ទៅ SHENZHEN ប្រទេសចិនវេលាម៉ោង១៤និង៣០នាទីរសៀល តាមជើងយន្តហោះលេខ ZH 9046 មានជនសង្ស័យជាជនជាតិចំនួន៣៦នាក់ ស្រី១៥នាក់ និងរួមដំណើរដោយក្រុមការងារប៉ូលីសចិន និងជើងទី២៖ ពី PHNOM PENH ទៅ GUANGZHOU BAIYUN ប្រទេសចិនវេលាម៉ោង១៩ និង៣០នាទីល្ងាច តាមជើងយន្តហោះលេខ ZH 9044 មានជនសង្ស័យជាជនជាតិប្រុសចំនួន ៥៣នាក់ និងរួមដំណើរដោយក្រុមការងារប៉ូលីសចិន។
សូមបញ្ជាក់ថា ជនជាតិចិនទាំងនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បន្តបន្ទាប់ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហ្គេមអនឡាញ និងឆបោកតាមប្រព័ន្ធអ៊ីនធឺណេត នាពេលកន្លងទៅនៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន៕