សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទៅដល់ខេត្តសៀមរាបហើយ ដើម្បីត្រៀមចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅថ្ងៃទី១៣ ខែមេសា
11-04-2018 16:04
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាម៉ោងប្រមាណ៣៖០០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅថ្ងៃទី១៣ ខែមេសាខាងមុខនេះ។
ទទួលបដិសណ្ឋាកិច្ចនៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមានលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងមន្រ្តីជាន់ខ្ពស់សាលាខេត្តមួយចំនួនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបងប្អូនជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិចូលរួមអបអរសាទរ និងកំសាន្តសប្បាយ នៅក្នុងថ្ងៃអង្គរសង្រ្កាន្ត និងក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅទូទាំងប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ក៏សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងក្មួយៗ និងចៅៗជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្តីសុខចម្រើន និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន៕