រកឃើញទឹកក្រូច ទឹកសណ្តែក ទឹកដោះគោស្រស់ ទឹកដោះគោខាប់ នំធុង ដំឡូងបារាំង និងYogurt ខូចគុណភាពដាក់លក់នៅផ្សាររីករាយ, មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ដកហូតយកទុកដុកកំទេចចោល
11-04-2018 15:59
(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ និងដើម្បីលើកកម្ពស់ពីសុវត្ថិភាព ចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ សហការជាមួយ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះមកពិនិត្យគុណភាព ទំនិញនៅក្នុងផ្សាររីករាយ និងហាងលក់ទំនិញមួយចំនួន ស្ថិតនៅតាមបណ្តោយផ្លូវ លេខ២០១១ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា នៅក្នុងឱកាស ចុះពិនិត្យនោះ ក្រុមការងារបានយកទំនិញ ជាម្ហូបអាហារប្រចាំថ្ងៃចំនួន១៦គំរូមានគុយទាវសរសៃតូច ធំ ម៊ីលឿង ប្រហិត ត្រីប្រាសំយ៉ុង ផ្អកត្រី ជ្រក់ច្រើនប្រភេទ គ្រឿងសមុទ្រស្រស់ ត្រូវបានយកមកធ្វើវិភាគ បឋមនៅនឹងកន្លែង ដើម្បីស្វែងរកវត្តមាននៃសារធាតុគីមីហាមឃាត់។
ជាលទ្ធផល ផលិតផលដែលបានធ្វើវិភាគខាងលើ គឺមានអនុលោមភាព សុវត្ថិភាពទាំងអស់ ដោយពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់ ក្នុងម្ហូបអាហារ ដែលបានយកមក វិភាគទាំងនោះឡើយ។
ដោយឡែក ចំពោះទំនិញវេចខ្ចប់រួច ពិនិត្យឃើញមាន ទំនិញមួយចំនួន ខូចគុណភាព កំប៉ុងប៉ោង ហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ ហើយត្រូវបានមន្រ្តីកាំកុងត្រូល ធ្វើកំណត់ហេតុ ដកហូតបាននូវ ទឹកក្រូច ទឹកសណ្តែក ទឹកដោះគោស្រស់ ទឹកដោះគោខាប់ នំធុង ដំឡូងបារាំង និង Yogurt។ សរុបមានទម្ងន់ ១៦ គីឡូក្រាម ដើម្បីសុំគោលការណ៍កំទេច ចោលនៅ ពេលក្រោយ។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះដែរ មន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយ នូវរូបភាព Poster និងផ្តាំផ្ញើដល់អាជីវករអ្នកលក់ដូរ កុំឲ្យយកទំនិញគ្មានគុណភាព មកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកប្រើប្រាស់៕