(ព្រះសីហនុ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) សហការជាមួយរដ្ឋបាលខេត្តកោះកុង និងខេត្តព្រះសីហនុ បានរៀបចំវេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងពីរនេះ។ វេទិកាសន្ទនានេះ ធ្វើឡើងចាប់ពីថ្ងៃទី១០-១១ ខែមេសា ឆ្នាំ២០១៨។
លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចូលរួមជាគណៈអធិបតីជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តទាំងពីរនេះ។
នៅក្នុងវេទិកាសន្ទនានេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល រដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល បានធ្វើការជជែកពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មកជាមួយគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល ដោយបានលើកឡើងអំពីបញ្ហាប្រឈមជាក់ស្តែង ដែលកើតមាននៅក្នុងមូលដ្ឋាននៃខេត្តនីមួយៗ ក៏ដូចជាសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។
វេទិកាសន្ទនានេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកទស្សនៈរវាងគ្នាទៅវិញទៅមករវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល សំដៅពង្រឹងភាពជាដៃគូជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត។ បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងផុសផុល អង្គវេទិកាបានដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ នៅក្នុងកិច្ចសន្ទនានេះផ្ទាល់តែម្តង។
ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលតម្រូវឲ្យមានការសិក្សាឲ្យបានល្អិតល្អន់ ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយមន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីសហការស្វែងរកដំណោះស្រាយជាមួយគ្នា។
សូមបញ្ជាក់ថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល គឺជាអ្នកសម្របសម្រួលដ៏សំខាន់ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែមានការរីកចម្រើន។ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ចូលរួមលើកកម្ពស់តួនាទីរបស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកផ្តល់ការគាំទ្រ និងជំរុញការអនុវត្តគម្រោងជាក់ស្តែង ដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈអង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងតែផ្តល់សារសំខាន់ខ្ពស់ ចំពោះតួនាទី និងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានបំពេញការងារយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។ ដោយរាប់បញ្ចូលទាំងពីរខេត្តនេះទៀត វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានបំពេញបេសកកម្មសំណេះសំណាលជាមួយតំណាងអង្គការសង្គមស៊ីវិល បានសរុបចំនួន ១៧ខេត្តហើយ ហើយនឹងបន្តវេទិកាសន្ទនានេះនៅ ៨រាជធានី-ខេត្តផ្សេងទៀត៕