(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឲ្យដំណើរការនូវមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិនេះ បានប្រកាសទុករយៈពេល៣ខែ ដើម្បីបើកឱកាសឲ្យសប្បុរសជននានា ចូលរួមជាសមាជិកស្ថាបនិក ពោលគឺត្រូវចូលរួមវិភាគទាន ៨០លានរៀល ឬស្មើ២ម៉ឺនដុល្លារអាមេរិកឡើងទៅ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេលសម្រាប់ការចូលជាសមាជិកនេះ យើងមិនអាចធ្វើត្រឹមមួយព្រឹកទេ យើងត្រូវទុកពេល៣ខែ ដើម្បីឲ្យអ្នកទាំងឡាយអាចចូលរួមវិភាគទាន ក្លាយទៅជាសមាជិកកិត្តិយស ដូច្នេះរយៈពេល៣ខែ គឺជារយៈពេលដែលត្រូវ ផ្សព្វផ្សាយនូវលក្ខ័ន្កៈ និងការអំពាវនាវសម្រាប់ការបង្កើតឡើងនូវមូលនិធិនេះ ហើយអ្នកដែលចង់ចូលរួមទៅជាស្ថាបនិកអាចមានចំនួនកើនតែច្រើនទៅៗ ដូច្នេះយើងប្រើពេល៣ខែ ដើម្បីនឹងប្រមូលយកនូវអ្នកដែលចង់ចូលរួមជាសមាជិកស្ថាបនិក»។
សម្ដេចប្រធានកិត្តិយស ក៏បានពន្យល់ថា សប្បុរសជនដែលវិភាគទាន៨០លានរៀលឬស្មើ ២ម៉ឺនដុល្លារអាមេរិកឡើងទៅ នឹងក្លាយជាសមាជិកស្ថាបនិក, ៥ពាន់ដុល្លារឡើងទៅសមាជិកកិត្តិយស, ៥០០០រៀលក្នុងមួយខែ ឬ៦ម៉ឺនរៀលក្នុងមួយឆ្នាំជាសមាជិកគាំទ្រ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនទាំងអ្នកមានធនធាន និងប្រជាពលរដ្ឋទូទៅឲ្យចូលរួម បរិច្ចាគថវិកាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចជាប្រធានកិត្តិយស ដើម្បីចូលរួមទ្រទ្រង់ ដល់មន្ទីរពេទ្យគន្ធបុប្ផានៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន រំពឹងថា អ្នកដែលរកស៊ីមានបាននៅលើទឹកដីកម្ពុជា នឹងចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផា ហើយការរួមវិភាគទានទ្រទ្រង់មូលនិធិគន្ធបុប្ផា គឺជាការសាមគ្គីដើម្បីការរស់រានមានជីវិតរបស់កុមារកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសដាក់ឲ្យដំណើរការភ្លាមមានសប្បុរសជនជាតិ និងអន្ដរជាតិជាច្រើន ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ហើយគិតត្រឹមថ្ងៃប្រកាសផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» គឺទទួលបានសមាជិកស្ថានិក ចំនួន៥២រូប ដែលទទួលបានទឹកប្រាក់សរុបចំនួន ១លាន ២៩ម៉ឺនដុលា្លរអាមេរិក និង៦៨០លានរៀល៕