(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្តល់ថវិកា ដល់កម្មករនិយោជិតសរុបចំនួន ២៥៤២នាក់ ដែលម្ចាស់រោងចក្រចំនួន៤ ដែលម្ចាស់រត់ចោល ក្នុងនោះមានរោងចក្រហ្គ្រេតអននើ, អ៊ីហ្វា, ប៊ីណូ, និងជុងហ្វៃ។ កម្មករនិយោជិតបានសម្តែងការសប្បាយរីករាយ និងបានសម្តែងសេចក្តីថ្លែងអំណរគុណជាខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានជួយដោះស្រាយ បញ្ហាពួកគាត់។
បងស្រី សូ សុខា អតីតកម្មការិនីផ្នែកកាត់ព្រុយ នៅរោងចក្រហ្រ្គេតអននើ អស់រយៈពេល១៤ឆ្នាំ ទទួលបានថវិកាចំនួន ១,៤០០ដុល្លារអាមេរិក បានសម្តែងការសប្បាយរីករាយ និងអរគុណដល់រដ្ឋាភិបាលដែលបានជួយអន្តរាគមន៍ក្នុងការបើកលុយជូនដល់អតីតកម្មករនៅរោងចក្រហ្រ្គេតអននើ ដែលថៅកែរត់ចោល។ បងស្រីបានបន្តថា «ពួកខ្ញុំរង់ចាំជិត២ឆ្នាំហើយមកដល់ថ្ងៃនេះ អរគុណសមេ្តចតេជោ និងក្រសួងការងារដែលបានជួយពួកខ្ញុំ»។
ដូចគ្នាផងដែរ បងស្រី គ្រេង ឆេង ជាកម្មការិនីផ្នែកដេរ អស់រយៈពេល២០ឆ្នាំ នៅរោងចក្រ ហ្គ្រេតអននើ មកពីខេត្តកណ្តាល បានសម្តែងអារម្មណ៍សប្បាយរីករាយ ក្រោយពេលទទួលថវិកាថា «ខ្ញុំទទួលបានថវិកាចំនួន ១,៦៤៩ដុល្លារ ខ្ញុំមិនដែលនឹកស្មានថាគេដោះស្រាយជូនពួកខ្ញុំទេ ខ្ញុំពិតជាអរគុណសម្តេច ហ៊ុន សែន ណាស់ដែលបានដោះស្រាយប្រាក់សំណង ដែលថៅកែរោងចក្ររត់ចោល ដល់ពួកខ្ញុំព្រោះជិតចូលឆ្នាំថ្មីហើយ បានលុយខ្លះយកទៅស្រុក»។
ចំណែកឯបងស្រី ណឹប ចន្ធី ដែលបានធ្វើការ ១៦ឆ្នាំនៅរោងចក្រហ្រ្គេតអននើដែរនោះ បានអះអាងថា គាត់ទទួលបានថវិកាសរុប ១,៦៧០ដុល្លារ។ គាត់បានលើកឡើងថា «ពីមុនខ្ញុំពិបាកចិត្តណាស់មិនដឹងថ្ងៃណាគេបើកលុយឲ្យនោះទេ ព្រោះថៅកែរោងចក្របានរត់បាត់ហើយ តែពេលនេះ សំណាងណាស់ដែលរដ្ឋាភិបាលបានជួយ»។
លោកទេស រុក្ខាផល អគ្គលេខាធិការរង នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មនៅគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់អំពីការទូទាត់ថវិកាជូនកម្មករនិយោជិតថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បានផ្តល់ជូនការទូទាត់លើបីចំណុចគឺ ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់បណ្តេញចេញស្មើនឹងប្រាក់អតីតភាពការងារ របស់ពួកគេ។
គួរបញ្ជាក់ផងដែរថា ការបែងចែកថវិកាជូនកម្មករនិយោជិតនេះ គឺក្រសួងការងារមានរូបមន្ត គណនាច្បាស់លាស់ ដោយត្រូវគិតទៅតាមកិច្ចសន្យាការងារមានថិរវេលាកំណត់ និងកិច្ចសន្យាការងារ មានថិរវេលាមិនកំណត់ និងអតីតភាពការងាររបស់ពួកគាត់ម្នាក់ៗ ដូចខាងក្រោម៖
១៖ ការទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ជូនកម្មករនិយោជិត ដែលមានកិច្ចសន្យាការងារ មានថិរវេលាកំណត់ មាន៣ចំណុច៖ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥ភាគរយ នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកនៅក្នុងរយៈពេល នៃកិច្ចសន្យាការងារដែលមានក្នុងកិច្ចសន្យាការងារចុងក្រោយ ឬកិច្ចសន្យាការងារដំបូង (មាត្រា ៧៣ ច្បាប់ស្តីពីការងារ) ,ផ្តល់ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ជូនកម្មករនិយោជិត(មាត្រា ១៦៦ និង១៦៧ ច្បាប់ស្តីពីការងារ) និងផ្តល់ប្រាក់ឈ្នួលចុងក្រោយ ដែលមិនទាន់បានបើក (មាត្រា ១១៦ ច្បាប់ស្តីពីការងារ)។
២៖ ការទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ជូនកម្មករនិយោជិត ដែលមានកិច្ចសន្យាការងារ មានថិរវេលាមិនកំណត់មាន ៣ចំណុច៖ ប្រាក់បំណាច់បណ្តេញចេញ (មាត្រា ៨៩ ច្បាប់ស្តីពីការងារ) ,ផ្តល់ប្រាក់ឈ្នួលចុងក្រោយ ដែលមិនទាន់បានបើក (មាត្រា ១១៦ ច្បាប់ស្តីពីការងារ) និងផ្តល់ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ជូនកម្មករនិយោជិត(មាត្រា ១៦៦ និង១៦៧ ច្បាប់ស្តីពីការងារ)។
លោក ទេស រុក្ខាផល បានឲ្យដឹងទៀតថា កម្មករនិយោជិតត្រូវយកមកជាមួយ នូវឯកសារដូចខាងក្រោម៖
១៖ កាតសម្គាល់ខ្លួនកម្មករនិយោជិតក្នុងរោងចក្រ ឬសៀវភៅការងារ ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬកិច្ចសន្យាការងារ។
២៖ បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
ការបើកថវិកាដល់កម្មករនិយោជិត ដែលម្ចាស់រោងចក្ររត់ចោលនេះ ជាជំហានដំបូងគឺ មាន៤រោងចក្រ ធ្វើឡើងក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមេសា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨ សម្រាប់រោងចក្រ៥ទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជូនដំណឹងនៅពេលក្រោយទៀត។
សូមជម្រាបជូនថា ការផ្តល់ថវិកានេះ គឺប្រើប្រាស់ថវិកាបុរេប្រទានរបស់រដ្ឋាភិបាល ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ កម្មករនិយោជិត ការផ្តល់ថវិកានេះទៀតសោត គឺធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចផ្តល់ថវិកា សម្រាប់ដោះស្រាយសំណងជូនកម្មករចំនួន ៤,១៤៦នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រចំនួន៩ ដែលថៅកែរត់ចោលដោយមិនបានទូទាត់ ប្រាក់ឈ្នូល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិក ៕