(ភ្នំពេញ)៖ ពិតជាអស់កង្វល់ទៀតហើយ សម្រាប់បងប្អូនចូលចិត្តញ៉ាំកាហ្វេប្រែនៗ ខណៈហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» ដែលជាហាងកាហ្វទំនើប និងល្បីឈ្មោះនៅកម្ពុជា បំពាក់នូវសម្ភារៈទាន់សម័យ ប្លែកពីគេ និងជាសាខាទី១៤ ផ្លូវជាតិលេខ១ (សាខាកៀនស្វាយ) ដោយបានចំណាយទុន ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីស្ថាបនា និងរចនាយ៉ាងល្អឥតខ្ចោះនោះ បានបើកសម្ពោធដំណើរហើយ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសំណាក់ តំណាងរបស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ, លោកស្រី ប៊ុន ចន្ធូ អគ្គនាយិការ ក្រុមហ៊ុនកាហ្វេប៊ឹស និងលោក តេង ភឿន ម្ចាស់ហាងកាហ្វេ «Arabitia» សាខាកៀនស្វាយ ព្រមទាំងលោក លោកស្រី ដែលជាពាណិជ្ជករ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់ទៀត។
លោកស្រី ប៊ុន ចន្ធូ អគ្គនាយិការ ក្រុមហ៊ុនកាហ្វេប៊ឹស នាំចូលផ្ដាច់មុខនូវកាហ្វេម៉ាក «ARABITIA» ពីប្រទេសថៃ បានថ្លែងឲ្យដឹងថា ឆ្លើយតបទៅនឹងការគាំទ្រ កាន់តែច្រើនពីអតិថិជន ជាពិសេសដៃគូពាណិជ្ជកម្មក្នុងស្រុក ក្រុមហ៊ុនបាននឹងពង្រីកសាខាថ្មីៗបន្ថែមទៀត ជាបន្តបន្ទាប់ និងបានរចនាហាងកាន់តែមានសោភណ្ឌភាពស្រស់ស្អាត និងងាយស្វែងរក តាមរយៈឡូហ្គោ និងការតុបតែងរចនាបថ អាគារខាងក្រៅតែម្ដង។ និយាយរួមគ្រាន់តែក្រឡេកឃើញភ្លាម ក៏ដឹងច្បាស់ដែរថា នេះជាហាងកាហ្វេអារ៉ាប៊ីធា។ យ៉ាងណាមិញ ភាពជោគជ័យជាហូរហែមកនេះ កើតមានឡើងបាន ដោយសារតែក្រុមហ៊ុន មានការតាំងចិត្តច្បាស់លាស់ ចំពោះអតិថិជន និងផ្ដល់ជូននូវគុណភាព អនាម័យ រសជាតិ និងសេវាកម្មរហ័សទាន់ចិត្ត។
លោកស្រី បានបន្តទៀតថា ការជ្រើសរើសទីតាំង ផ្លូវជាតិលេខ១នេះ គឺជាទីតាំងល្អ ព្រោះជាកន្លែងក្បែរតំបន់ទេសចរណ៍ (កៀនស្វាយក្រៅ) និងជិតទីប្រជុំជន (ផ្សារគគីរ) ខណៈពួកគេតែងតែប្រើទីតាំងហាងកាហ្វេ ដើម្បីណាត់ជួបគ្នា ពិភាក្សាការងារ និងទំនាក់ទំនងធ្វើជំនួញផ្សេងៗ ក្នុងបរិយាកាសមួយ ដ៏សមរម្យបំផុត។ ជាការពិតគោលដៅ ដែលជំរុញឲ្យពីអតិថិជន មានការផ្ដល់ទំនុកចិត្ត គឺហាងកាហ្វេ និងនាំផលិតផលរបស់ខ្លួន ឲ្យកាន់តែកៀកដល់ដៃអតិថិជន អាចបំពេញតម្រូវការយ៉ាងឆាប់រហ័ស និងធានាបាននូវរសជាតិដើម ជាមួយនឹងសេវាកម្មកាន់តែល្អ នៅគ្រប់សាខាទាំងអស់ ដែលនេះជាការតាំងចិត្ត រយៈពេលវែងចំពោះអតិថិជន។
ដោយឡែកលោក តេង ភឿន ម្ចាស់ហាងកាហ្វេ «Arabitia» សាខាកៀនស្វាយ បានថ្លែងឲ្យដឹងថា ជាការពិតណាស់បច្ចុប្បន្ននេះ មានហាងកាហ្វេល្បីៗជាច្រើន បានរីកដុះដាលព្រោងព្រាត ប៉ុន្តែហាងកាហ្វេទាំងនោះ មានគោលដៅទៅលើអតិថិជនខុសៗគ្នា ហាងកាហ្វេខ្លះ ផ្ដោតសំខាន់លើមនុស្សចាស់ និងហាងខ្លះផ្ដោតសំខាន់លើយុវវ័យ ប៉ុន្តែសម្រាប់ហាងកាហ្វេ «Arabitia» សាខាកៀនស្វាយ គឺយើងមានគោលដៅ ផ្ដោតសំខាន់លើមនុស្សគ្រប់វ័យទាំងអស់ មិនថាចាស់ ក្មេង យុវវ័យ ឬមនុស្សក្នុងឋានៈណានោះទេ ពោលគឺយើងមានការរចនា ផ្ទៃហាងទាំងមូល តម្រូវតាមចិត្តអតិថិជន ទាំងអស់។ ម្យ៉ាងវិញទៀត អ្វីដែលលោក មិនបានភ័យព្រួយចំពោះការ ប្រកួតប្រជែងលើទីផ្សារកាហ្វេ នាពេលបច្ចុប្បន្ននេះ គឺហាង «Arabitia» បានយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃរសជាតិ អនាម័យ តម្លៃ និងសេវាកម្មដ៏ល្អ ដល់អតិថិជនទាំងអស់ ខណៈដែលហាង ក៏មានបម្រើជូននូវម្ហូបអាហារ មានរសជាតិឆ្ងាញ់ ទាំង៣ពេល ជូនដល់អតិថិជន ផងដែរ។
លោកបន្តថា អ្វីដែលពិសេសនោះ បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ១ សូមចូលរួមគាំទ្រ ឬអាចចូលទិញទទួលទានតាមផ្លូវ និងចូលទទួលទានកាហ្វេ អារ៉ាប៊ីធា «ARABITIA» ផ្ទាល់ ក៏បាន។ ដោយឡែកសម្រាប់បងប្អូន ដែលមកលេងក្នុងតំបន់រមណីយដ្ឋានកៀនស្វាយក្រៅ អាចធ្វើការកុម្ម៉ង់ យកទៅពិសារបានដោយងាយ ព្រោះហាងយើង ក៏មានសេវាដឹកជញ្ជូន ដល់ទីកន្លែងរបស់លោកអ្នកផងដែរ។
សូមបញ្ជាក់ថា ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ ដែលបានផ្ដល់នូវការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា។
ហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» សាខាថ្មីនេះ មានទីតាំងស្ថិតនៅលើ បណ្តោយផ្លូវជាតិលេខ១ ភូមិទូលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ក្នុងទីតាំងដេប៉ូលក់ប្រេងឥន្ទនៈដានី) ជិតដល់ផ្សារគគីរ ហួសផ្លូវចូលរមនីយដ្ឋានកៀនស្វាយក្រៅ ប្រហែល៥០ម៉ែត្រ។ ជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះ (សាខាទី១៤) កាហ្វេ អារ៉ាប៊ីធា «ARABITIA» ក៏មាននូវប្រម៉ូសិនពិសេសៗ គឺទិញ មួយកែវ ថែមជូន មួយកែវ ផងដែរ៕