(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេលប្រមាណជា៦ខែមកនោះ ស្ពានថ្មើរជើងលើអាកាសនៅរង្វង់មូលនាងគង្ហីង នឹងចាប់ផ្តើមដំឡើងគ្រោងដែកកាត់ទទឹងផ្លូវនៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះហើយ។ ដើម្បីរក្សាសុវត្ថិភាពដល់អ្នកដំណើរសាលារាជធានីភ្នំពេញនឹងបិទកំណាត់ផ្លូវឆេកូ ឬ ផ្លូវលេខ១៦៩ ពោលគឺផ្លូវបុកពីសាលាបាក់ទូកឆ្ពោះទៅរង្វង់នាងគង្ហីង ក្នុងពេលដំឡើងគ្រោងដែកកាត់ទទឹងផ្លូវមួយនេះ។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ លើទំព័រ Facebook របស់ខ្លួនថា ការបិទចរាចរលើវិថីឆេកូ ឬ ផ្លូវលេខ១៦៩ នឹងធ្វើឡើងនៅម៉ោង ២១៖០០នាទីយប់នេះ ដល់ម៉ោង៥៖០០នាទីទៀបភ្លឺ។
ក្នុងពេលដំណើរការដ្ឋានដំឡើងគ្រោងដែកកាត់ទទឹងផ្លូវនេះ សាលារាជធានីភ្នំពេញ បានស្នើសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។
សូមបញ្ជាក់ថាស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។
ស្ពាននេះសាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានានៅជុំវិញរង្វង់មូលនាងគង្ហីងតែម្តង។ ផ្លូវនេះត្រូវបានចាក់សសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ៕