(ភ្នំពេញ)៖ ដូចការគ្រោងទុក «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានបើកដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ជាមួយថវិកាទ្រទ្រង់ដំណាក់កាលដំបូងជាង ១១លានដុល្លារអាមេរិក។

ពិធីបើកដំណើរការ «មូលនិធិគន្ធបុប្ផាកម្ពុជា» ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាប្រធានកិត្តិយសនៃមូលនិធិ។ គេក៏ឃើញមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងឧកញ៉ាល្បី អ្នកវិនិយោគធំៗនៅកម្ពុជា។

ក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមូលហេតុចម្បងៗចំនួន៣ ដែលនាំឲ្យសម្តេចសម្រេចបង្កើត «មូលនិធិគុន្ធបុប្ផាកម្ពុជា»នេះឡើង។ មូលហេតុចម្បងទាំង៣នោះរួមមាន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមូលហេតុចំនួន៣ ដែលនាំឲ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា។

មូលហេតុចម្បងៗនោះរួមមាន៖ ១៖ ការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ គឺជាអាទិភាពចម្បងមួយនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល, ២៖ រដ្ឋាភិបាលកម្ពុជាគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ពីព្រោះតែទទួលស្គាល់នូវស្នាដៃ និងគុណភាពនៃការផត្ល់សេវាថែទាំមាតា ទារក និងកុមាររបស់មន្ទីរពេទ្យនេះ និងទី៣៖ ឈរលើទិដ្ឋភាពហិរញ្ញវត្ថុ ទន្ទឹមការបង្កើនថវិការដ្ឋជាបន្តបន្ទាប់ក្នុបពេលកន្លងមក រួមទាំងការវិភាជន៍ប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផង វាជាពេលដ៏សមរម្យបំផុតដែលគួរគប្បីមាន «មូលនិធិគន្ថបុប្ផា» មួយផ្ទាល់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាមូលនិធិដ៏មានសារៈសំខាន់ខ្លាំងសម្រាប់កុមារកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរអាចចូលរួមក្នុងមូលនិធិនេះបានគ្រប់គ្នា មិនមែនតែឧកញ៉ា ឬអ្នកមានទ្រព្យធនស្តុកស្តម្ភនោះទេ សូម្បីតែប្រជាពលរដ្ឋធម្មតា មន្ត្រីរាជការអាចចូលរួមបានគ្រប់គ្នាទាំងអស់។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «មិនមែនតម្រូវត្រឹមតែអ្នកឧកញ៉ា ឬ ថៅកែនេះថៅកែនោះទេ ប៉ុន្តែជាលទ្ធភាពដែលអាចធ្វើទៅបាននៃពលរដ្ឋរបស់យើង ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ យើងគ្មានការបង្ខិតបង្ខំទេ ក៏ប៉ុន្តែនេះជាការបរិច្ចាគដើម្បីសេចក្តីសុខ និងការរីកលូតលាស់ ក៏ដូចជាធានាដល់ជីវិតរបស់កុមារកម្ពុជា»

សម្តេចតេជោ បន្តថា «អ៊ីចឹងទេ ខ្ញុំសូមអំពាវនាវ បើទោះបីយើងអត់កូន អត់ចៅ ក៏ប៉ុន្តែនេះជាកាយវិការសប្បុរស ដែលយើងធានាច្បាស់អំពីបញ្ហានេះ។ មូលនិធិមួយនេះ គឺជាមូលនិធិ ដែលមានសារៈសំខាន់ខ្លាំងណាស់សង្ឃឹមថា មានការចូលរួមក្នុងឋានៈជាសមាជិកស្ថាប និក ក្នុងឋានៈជាសមាជិកកិត្តិយស និងក្នុងឋានៈជាសមាជិកគាំទ្រ»

សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអះអាងដែរថា ដរាបណាសម្តេចនៅតែកាន់តំណែងជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច នឹងបន្តផ្តល់ការគាំទ្រជាប់មិនដាច់ដល់មន្ទីរពេទ្យគន្ធបុប្ផាសំដៅធានាឲ្យខាងតែបាននូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។

ជាមួយការដាក់ដំណើរការជាផ្លូវការនាព្រឹកមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ថវិកា ១០លានដុល្លារចូលក្នុងមូលនិធិ ខណៈសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់ថវិកាចូលមូលនិធិក្នុងមួយឆ្នាំ ៥ម៉ឺនដុល្លាររយៈពេល ៥ឆ្នាំ។

ក្រៅពីសម្តេចនាយករដ្ឋមន្ត្រី គេក៏ឃើញមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីមកពីតាមបណ្តាក្រសួងនានា ព្រមទាំងឧកញ៉ា និងអ្នកជំនួញល្បីៗនៅកម្ពុជា បានចូលរួមថវិកាជាបន្តបន្ទាប់សម្រាប់ទ្រទ្រង់ដល់មូលនិធិនេះផងដែរ។ បូកសរុបថវិកាដំបូងក្នុងពេលប្រកាសបើកដំណើរការនេះ គឺមានថវិកាសរុបជាង ១១លានដុល្លារហើយសម្រាប់ទ្រទ្រង់មូលនិធិ។

ដើម្បីធានាក្នុងការផ្តល់សេវាព្យាបាលដ៏ល្អប្រសើរនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយប្រកាន់ខ្ជាប់ត្រឹមត្រូវជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ ចូលរួមពង្រឹងគុណធម៌របស់របស់គ្រូពេទ្យនៅកម្ពុជា ក៏ដូចជាបណ្តុះបណ្តាលសមត្ថភាពរបស់ខ្លួន ដើម្បីរក្សា និងពង្រឹងគុណភាពសេវាព្យាបាល និងថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យដែលកំពុងល្អស្រាប់ឲ្យកាន់តែប្រសើរថែមទៀត។

មកដល់ឆ្នាំ២០១៨នេះ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៥ឆ្នាំហើយ។ រយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យបានជួយព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះសរុបជិត ១៨លានករណី ដោយចំណាយថវិកាជាង ៦០០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥សាខា ៤សាខាក្នុងរាជធានីភ្នំពេញ និង១សាខា នៅខេត្តសៀមរាប មានបុគ្គលិកសរុប ២,៣៤៥នាក់ ដែលក្នុងនោះ ១,៧៤៩នាក់ ជាបុគ្គលិកជំនាញសុខាភិបាល ហើយ ១,២៤២នាក់ មានក្របខណ្ឌជាមន្ត្រីរាជការ។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ក្នុងរយៈពេលប្រមាណ ៣ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាសរុបជាង ២៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះចំណាយសម្រាប់បុគ្គលិកជិត ២៣លានដុល្លារ ចំណាយទិញឱសថ និងសម្ភារៈបរិក្ខាពេទ្យជាង ១៤លានដុល្លារ និងចំណាយសម្រាប់ប្រតិបត្តិការទូទៅប្រមាណជា ២លានដុល្លារអាមេរិក៕