(ភ្នំពេញ)៖ លោក សេង ហួត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមការងារបានាំយកថវិកា សម្លៀកបំពាក់ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់កុមារកំព្រាកំពុងរស់នៅសមាគមរស្មីកុមារកម្ពុជា ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
លោក សេង ហួត បាននាំយកថវិកា សម្លៀកបំពាក់ ព្រមទាំងគ្រឿងឧបភោគបរិភោគជូនដល់កុមារកំព្រានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ។ លោក សេង ហួត បានថ្លែងថា ក្នុងពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតមកដល់ គ្រប់ក្រុមគ្រួសារខ្មែរមានការជួបជុំ និងដើរលេងយ៉ាងសប្បាយរីករាយ។ ដោយឡែកកុមារៗកំពុងផ្ញើវាសនានៅសមាគមរស្មីកុមារកម្ពុជាវិញ គឺមានការខ្វះខាតច្រើន ហើយពួកគេក៏មិនអាចលេងសប្បាយរីករាយដូចកុមារដទៃនោះដែរ។
បើតាមលោក សេង ហួត ព្រោះតែក្តីអាណិតអាសូរបែបនេះហើយទើបរូបលោក និងក្រុមការងារនាំគ្នាធ្វើការចែកទានដល់កុមារកំព្រាទាំងនេះ។ លោក សេង ហួត ចាត់អំណោយដែលលោកបរិច្ចាគនាពេល គឺជាការចែករំលែកសេចក្តី និងសេចក្តីសប្បាយរីករាយរបស់ជាមួយកុមារកំព្រាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
អំណោយដែលចែកជូនដល់កុមារកំព្រានាឱកាសនោះ រួមមានអង្ករមួយតោន មី ៦កេសធំ ខោអាវ ៣០០កំប្លេ និងថវិកា ១ពាន់ដុល្លារ៕