(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសចូលរួមបរិច្ចាគថវិកា ចំនួន៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិគន្ធបុប្ផារយៈពេល៥ឆ្នាំ ដើម្បីជាការចូលរួមចំណែកទ្រទ្រង់មូលនិធិដ៏ធំមួយនេះ។
ក្នុងឱកាសអញ្ជើញបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់ខ្លួនខ្ញុំ និងភរិយា ក៏សូមប្រកាសផ្ដល់នូវការចូលរួមវិភាគទានក្នុងមួយឆ្នាំ៥ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលធ្លាប់តែបរិច្ចាកថវិកា១លានដុល្លារជារៀងរាល់ឆ្នាំ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់នោះ ពេលនេះត្រូវបង្វែថវិកា១លានដុល្លារនោះ ចូលមកកាន់មូលនិធិគន្ធបុប្ផានេះវិញ។
សូមជម្រាបថា បន្ទាប់ពីប្រកាសដាក់ឲ្យដំណើរការភ្លាមមានសប្បុរសជនជាតិ និងអន្ដរជាតិជាច្រើន ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ហើយគិតត្រឹមថ្ងៃប្រកាសផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» គឺទទួលបានសមាជិកស្ថានិក ចំនួន៥២រូប ដែលទទួលបានទឹកប្រាក់សរុបចំនួន ១លាន ២៩ម៉ឺនដុលា្លរអាមេរិក និង៦៨០លានរៀល។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃប្រកាសឲ្យដំណើរការជាផ្លូវការថ្ងៃនេះ រួមមានសមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្រផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ៕