(ភ្នំពេញ)៖ នៅលើលោកនេះ គ្មានអ្វីជាអាថ៌កំបាំងឡើយ! នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ អង្គការ ANFREL (បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានចេញសេចក្តីប្រកាសព័ត៌មានមួយ គួរឱ្យអស់សំណើចថា ខ្លួនមិនបានដឹងពីការរៀបចំបង្កើតបន្ទប់ស្ថានភាព និងអះអាងថា ខ្លួនមិនលូកលាន់ក្នុងកិច្ចការបោះឆ្នោតកម្ពុជាឡើយ។ ប្រសិនបើការអះអាងនេះជាការពិត នោះគឺជា ការលាងជម្រះខ្លួន និងបង្ហាញពីការមិនចុះសម្រុងគ្នា នៅក្នុងចំណោមសមាជិកនៃអង្គការនេះ និងប្រកាសដកខ្លួនចេញពីគម្រោងផែនការទុច្ចរិត ដែលសមាជិកក្រុមប្រឹក្សាភិបាលខ្លះនៃអង្គការនេះ បានឃុបឃិតគ្នារៀបចំ ហើយសមាជិកផ្សេងទៀតនៃអង្គការនេះដែលមានឯករាជភាព និងអព្យាក្រឹត្យភាពពិតប្រាកដ មិនចង់ឱ្យជនឱកាសនិយមមួយចំនួនយកឈ្មោះអង្គការអាន់ហ្វ្រែល មកប្រឡូកប្រឡាក់ជាមួយផលប្រយោជន៍នយោបាយដូចដែលសមាជិកខ្លះនៃអង្គការនេះបានធ្វើនាពេលកន្លងមកនោះទេ។
នៅក្នុងរចនាសម្ព័ន្ធរបស់ខ្លួន អង្គការអាន់ហ្វ្រែល មានសមាជិកជាអង្គការសង្គមស៊ីវិលមកពីប្រទេសនានាក្នុងទ្វីបអាស៊ីក្នុងនោះកម្ពុជាមានអង្គការខុម ហ្វ្រែល និងអង្គការនិកហ្វិកដែលធ្វើការងារនៅការតានដានដំណើរការបោះឆ្នោតជាសមាជិក។
ថ្មីៗនេះ មានព័ត៌មានលេចធ្លាយចេញពីចំណោមមន្ត្រីអង្គការ ANFREL ថា ដោយសារតែបន្ទប់ស្ថានភាពតាមដានការបោះឆ្នោតដែលបានបង្កើតឡើង ក្នុងអំឡុងពេល នៃការបោះឆ្នោតនៅឆ្នាំ២០១៣ និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ នឹងមិនមានវត្តមាននៅកម្ពុជាទៀតដោយសារតែក្រសួងមហាផ្ទៃ អះអាងថា ខុសច្បាប់និងមិនអនុញ្ញាតឱ្យបន្តសកម្មភាព ដូច្នេះបន្ទប់ស្ថានភាពនេះ នឹងត្រូវផ្លាស់ប្តូរទៅតាំងទី នៅទីក្រុងបាងកក។ លោក គល់ បញ្ញា នាយកប្រតិបត្តិ អង្គការខុមហ្វ្រែល ត្រូវបានតែងតាំងជាប្រធានថ្មីនៃអង្គការ ANFREL បន្ថែមលើតួនាទីជានាយកប្រតិបត្តិ នៃអង្គការខុមហ្វ្រែល ហើយអង្គការនេះក៏បានសម្រេចផ្តល់ ការិយាល័យមួយឱ្យអង្គការ សង្គមស៊ីវិលកម្ពុជាធ្វើជាទីស្នាក់ការសម្រាប់បន្ទប់ស្ថានភាពផងដែរ។ មិនមែនត្រឹមតែលោក គល់ បញ្ញា តែម្នាក់ប៉ុណ្ណោះទេដែលធ្វើសកម្មភាពនេះ គឺលោក គួយ ប៊ុនរឿន អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបានប្រភពព័ត៌មានទម្លាយឱ្យដឹងថា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក គល់ បញ្ញា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនការសម្រាប់អុកឡុកដំណើរការបោះឆ្នោតនាពេលខាងមុខ ក្រោមខ្សែញាក់របស់ចៅហ្វាយបរទេសរបស់ខ្លួន ក្រុមអ្នកនយោបាយក្រៅច្បាប់ និងក្រុមក្បត់ជាតិមួយចំនួននៅឯក្រៅប្រទេស ដែលកំពុងដើរបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជន។
ប្រសិនបើអង្គការអាន់ហ្វ្រែលថាខ្លួនមិនមានពាក់ព័ន្ធណាមួយក្នុងផែនការដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជាទេ តើមិនពាក់ព័ន្ធនៅក្នុងកម្រិតណា? ចុះលោក គល់ បញ្ញា ដែលគេបានដឹងថាជាអ្នក បង្កបញ្ហាជាច្រើនក្នុងបំណងរំខាន បំផ្លាញនិងបង្ខូចការបោះឆ្នោតនាពេលកន្លងទៅ ដែលជាប្រធាននៃអង្គការ អាន់ហ្វ្រែលនាពេលនេះ និងអង្គការនិកហ្វិកជាសមាជិកដែលបានសហការជាមួយអង្គការខុមហ្វ្រែលចេញនូវ របាយការណ៍ប្រឌិតអំពីការបោះឆ្នោតនៅកម្ពុជា តើមេដឹកនាំនិងសមាជិកនៃអង្គការទាំងពីរនេះ ពិតជាច្បាស់ទេថា នឹងមិនប្រើប្រាស់ឥទ្ធិពលរបស់អង្គការអាន់ហ្វ្រែលក្នុងការបំពេញកិច្ចការរបស់ខ្លួន និងដើម្បីធ្វើជាឡប់ឡែបិទបាំងនូវគម្រោងការដ៏អាក្រក់ទាំងឡាយ ដែលខ្លួនបានរៀបចំដើម្បីរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតនៅដែលកម្ពុជាគ្រោង ធ្វើនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះក្នុងនោះរួមទាំងការគាំទ្រឱ្យមានការបង្កើតបន្ទប់ស្ថានភាពតាមដានការបោះឆ្នោត ដែលពួកគេធ្លាប់បានបង្កើតដោយជោគជ័យ នៅក្នុងអំឡុងពេលនៃការបោះឆ្នោតសភាអាណត្តិទី៥ នាខែកក្កដា ឆ្នាំ ២០១៣ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
គេនៅចាំបានថា នៅក្នុងការបោះឆ្នោតនាពេលកន្លងទៅ គល់ បញ្ញា និងអង្គការខុមហ្វ្រែលព្រមទាំងក្រុមអង្គការសង្គមស៊ីវិលបរទេសមួយចំនួនដែលអះអាងថា ខ្លួនជាស្ថាប័ន ឯករាជ្យ អព្យាក្រឹត និងធ្វើការប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែជាក់ស្តែងអង្គការនេះ ធ្លាប់ប្រើឧបាយកលទុច្ចរិត បម្រើមហិច្ឆតានយោបាយឱ្យគណបក្សប្រឆាំង ដោយមានការឃុបឃិត ជាមួយអង្គការបរទេសមួយចំនួនទៀត ក្នុងការបំភ្លៃការពិត និងប្រឌិតទិន្នន័យ ដើម្បីបំពុលនិងបង្ខូចបរិយាកាសបោះឆ្នោត និងបដិសេធលទ្ធផលនៃការបោះឆ្នោត នាពេលកន្លងមក ដូចជាបានប្រឌិតទិន្នន័យថា អ្នកបោះឆ្នោតជាង ១,២៥ លាននាក់ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ចំណែកវិទ្យាស្ថាន NDI ក៏បានប្រឌិតថា អ្នកបោះឆ្នោតជាង ១,០៤ លាន នាក់ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលទិន្នន័យនេះបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងអង្គការទាំងពីរ។ ជាងនេះទៀត មួយថ្ងៃមុនថ្ងៃបោះឆ្នោត ដែលជាថ្ងៃស្ងប់ស្ងាត់ អង្គការ COMFREL បានបញ្ចេញព័ត៌មានបំផ្លើសថា ទឹកខ្មៅសម្រាប់ជ្រលក់ម្រាមដៃសម្គាល់អ្នកបោះឆ្នោតរួច គឺជាទឹកខ្មៅដែលអាចលាងសម្អាតចេញបានក្នុងរយៈពេល តែប៉ុន្មាននាទីប៉ុណ្ណោះ។ នេះជាលើកទីមួយហើយ ដែលបញ្ហាទឹកខ្មៅត្រូវបានលើកឡើងនៅមុនពេល បោះឆ្នោតឆ្នាំ២០១៣។
ការអះអាងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមានចេតនាធ្វើឱ្យមហាជនយល់ច្រឡំនិងសង្ស័យថា អ្នកបោះឆ្នោតម្នាក់អាចបោះឆ្នោតបានច្រើនដង។ នេះគឺជាការវាយប្រហារផ្នែកចិត្តសាស្ត្រ ដែលជះឥទ្ធិពល ដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោត ឱ្យមានសមានចិត្តនិងងាកមកបោះឆ្នោតឱ្យគណបក្សប្រឆាំងវិញ ឬធ្វើឱ្យមហាជនមានមន្ទិលសង្ស័យ ចំពោះដំណើរការនិងលទ្ធផលនៃការបោះឆ្នោត ពីព្រោះពួកគេអាចជឿថា គណបក្សប្រជាជនប្រើល្បិចបន្លំសន្លឹកឆ្នោត។ កលល្បិចនេះ គឺជាផែនការរៀបចំទុកជាមុន ហើយធ្វើឡើងតែមួយថ្ងៃមុនថ្ងៃបោះឆ្នោត ដើម្បីជួយគណបក្សប្រឆាំងឱ្យទទួលបានជ័យជម្នះ នៅថ្ងៃបោះឆ្នោត ឬអាចទុកប្រើប្រាស់ជាលេស ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅពេលចាញ់ឆ្នោត។ តាមពិតទឹកខ្មៅនេះត្រូវបានទទួលស្គាល់គុណភាពនិងប្រើប្រាស់សម្រាប់សម្គាល់អ្នកបោះឆ្នោតរួច ដោយប្រទេសជាច្រើន ដូចជា ឥណ្ឌា អាហ្វហ្គានីស្ថាន សឹង្ហបុរី ថៃ ម៉ាឡេស៊ី អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ជាដើម។
បន្ទាប់ពីថ្ងៃរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតឆ្នាំ២០១៣ អង្គការ COMFREL របស់ គល់ បញ្ញា បានប្រកាសថាខ្លួនគណនាឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង ៤៩,៤៩% នៃសំឡេងឆ្នោតសរុប ហើយគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេង ៤៣,០៥%។ យោងតាមការគណនានេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៧ អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន ៥៦ អាសនៈ។ ការគណនាខុសគ្នា ០១ អាសនៈ របស់អង្គការ COMFREL គឺដោយសារមានទិន្នន័យបណ្តោះអាសន្នខុសគ្នានៅខេត្តក្រចេះ។ អង្គការ COMFREL អាចគណនាចំនួនអាសនៈសរុបទូទាំងប្រទេសរបស់គណបក្សនីមួយៗ តាមទម្រង់បែបបទ ១១០៤ ដែលអ្នកសង្កេតការណ៍របស់ខ្លួនបានទទួលពីការិយាល័យបោះឆ្នោត ឬតាមទម្រង់បែបបទ១១០២ ដែលបានបិទនៅតាមការិយាល័យបោះឆ្នោត។ អង្គការ COMFREL បានប្រកាសលទ្ធផលបោះឆ្នោត ដែលផ្ទុយនឹងផែនការបដិសេធលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែលទ្ធផលនេះត្រូវបានចែកផ្សាយលើគេហទំព័រផ្សេងៗ ហើយកាសែត ខេម បូឌាដេលី ក៏បានចុះផ្សាយរួចហើយដែរ។ ភ្លាមៗនោះ អង្គការ COMFREL ក៏បានដក តួលេខនៃលទ្ធផលនេះចេញពីគេហទំព័ររបស់ខ្លួនភ្លាមៗ និងគាំទ្រការប្រឌិតលទ្ធផលនៃការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិដែលថាខ្លួនបានឈ្នះការបោះឆ្នោត។
នៅស្ទើរគ្រប់វេទិកាសាធារណៈ បក្សប្រឆាំងបានប្រើប្រាស់ទិន្នន័យប្រឌិតរបស់អង្គការ COMFREL និង វិទ្យាស្ថាន NDI ដែលចោទថា គ.ជ.ប. បានលុបឈ្មោះអ្នកគាំទ្រ គណបក្សប្រឆាំងរាប់លាននាក់ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិចាញ់ឆ្នោត។ មេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី និងកឹម សុខា បានបំផ្លើសការពិតនៃលទ្ធផលបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដោយសារការលួចបន្លំ ហើយ តាំងខ្លួនជាអ្នករកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ គណបក្សនេះក៏បានញុះញង់ និងកៀរគរប្រជាពលរដ្ឋ ឱ្យចូលរួមបាតុកម្មមួយ ដែលគេហៅថា «មហាបាតុកម្មសម្តែងឆន្ទៈរបស់ម្ចាស់ឆ្នោត»ដែលក្រោយមកគេដឹងថានេះ គឺជាផែនការបំផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងខ្លួនឯងឡើងដឹកនាំប្រទេសតាមបែបមធ្យោបាយមិនប្រជាធិបតេយ្យ។ ផែនការទុច្ចរិតនេះនៅតែបន្តមាន!
ក្រុមសង្គមស៊ីវិលដែលដឹកនាំមុខដោយលោក គល់ បញ្ញា គ្រោងរៀបចំចលនាប្រឆាំងឱ្យបានច្រើននិងធំ ដើម្បីជាការបន្ថែមទម្ងន់ដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការឆ្លើយតបនឹងការទាមទាររបស់ក្រុមប្រឆាំងឱ្យលុបចោលសាលដីការបស់តុលាការកំពូល អនុញ្ញាតឱ្យខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងលុបចោល ការហាមឃាតអតីតសមាជិកខ្មោចគណបក្សសង្គ្រោះជាតិទាំង ១១៨ នាក់ឱ្យចូលរួមការបោះឆ្នោតវិញ។ អង្គការ ANFREL ដែលដឹកនាំដោយលោក គល់ បញ្ញា ក៏នឹងប្រើប្រាស់ការរិះគន់នានា ដើម្បីស្នើកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បច្ចុប្បន្ន ដោយពួកគេលើកឡើងថា មិនមែនជាស្ថាប័នដែលគួរឱ្យទុកចិត្ត ព្រោះគ្មានតំណាងក្រុមប្រឆាំងជាដើម។ ក្រុមសង្គមស៊ីវិលទាំងនេះ នឹងវាយតម្លៃ ដើម្បីទម្លាក់តម្លៃ និងប្រសិទ្ធភាពការងាររបស់ គ.ជ.ប ដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងទៅ ដោយបានបំភ្លៃ បផ្លើស បំប៉ោង និងបំភាន់ទិន្នន័យ ក៏ដូចជា ប្រឌិតព័ត៌មានអកុសលផ្សេងៗជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។
ពួកគេធ្វើឫកដូចជាខ្វាយខ្វល់ និងយកចិត្តទុកដាក់លើភាពត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត និងភាពជឿទុកចិត្តបាននៃការបោះឆ្នោតនៅកម្ពុជាណាស់ ប៉ុន្តែធាតុពិតគឺជាការអនុវត្ត ផែនការផ្តល់ឱកាស ដល់ក្រុមគណបក្សប្រឆាំងយកលេស ដើម្បីធ្វើ បាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ឡាំប៉ាមិនទទួលស្គាល់ការចាញ់ការបោះឆ្នោត និងផ្តល់ឱកាសឱ្យក្រុមប្រឆាំងប្រើប្រាស់ការតវ៉ាលទ្ធផលបោះឆ្នោត ទៅជាបាតុកម្មបង្កចលាចល និងឈានដល់ការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំនៃរដ្ឋាភិបាលស្របច្បាប់ តាមរូបភាពបដិវត្តន៍ពណ៌ និងប៉ុនប៉ងឡើងកាន់អំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ។ តាមប្រភពពីមន្ត្រីអង្គការ ANFREL នៅក្នុងការអនុវត្តផែនការទាំងនេះ អង្គការមានថវិកាគ្រប់គ្រាន់ ហើយបាននិងកំពុងរៀបចំការងារទាំងនេះ។
តាមរយៈតួនាទីបន្ថែមថ្មីមួយទៀតរបស់លោក គល់ បញ្ញា ក្នុងនាមជាប្រធានអង្គការ ANFREL គឺបានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល នាពេលកន្លងទៅមិនបានបម្រើផលប្រយោជន៍ដល់កម្ពុជានោះឡើយ ប៉ុន្តែគឺជាការធ្វើតាមខ្សែញាក់របស់បរទេសមួយចំនួនដែលមិនចង់ឱ្យប្រជាពលរដ្ឋខ្មែរ បានសុខ និងចង់ចាប់បង្ខំឱ្យកម្ពុជាទទួលយកនូវលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះមួយ ដែលសូម្បីតែប្រទេសខ្លួនក៏មិនអនុវត្តបានផង។ នេះក៏បង្ហាញយ៉ាងច្បាស់ថា បស្ចិមប្រទេសមួយចំនួន ដែលធ្លាប់បានលូកដៃ កកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា មិនទាន់បញ្ចប់នូវផែនការដ៏អាក្រក់ក្នុងការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលខ្លួនមិនពេញចិត្ត ឬមិនមាននិន្នាការគាំទ្រខ្លួននៅឡើយទេ។ លោក គល់ បញ្ញា ដឹកនាំអង្គការ ANFREL គឺជាបន្ទប់ស្ថានការណ៍សង្គ្រាមថ្មីមួយ។
ការគាំទ្រផ្នែកនយោបាយ និងថវិកាបង្កើតបន្ទប់ស្ថានការណ៍បោះឆ្នោតនៅក្រៅប្រទេស គឺជាការបន្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា ហើយជនជាតិកម្ពុជាដូចជា លោក គល់ បញ្ញា និងអង្គការរបស់ខ្លួនបាននិងកំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញជាតិខ្លួនឯងយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេ គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយ ចំនួន ដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើ ឡើងក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការ បង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោត សកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។
ដូច្នេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួន មិនជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការរំខាន បំផ្លាញ និងបង្ខូចការបោះឆ្នោតនៅកម្ពុជា អង្គការអាន់ហ្វ្រែល ត្រូវហ៊ានអារកាត់ចំពោះ ក្រុមជនទាំងឡាយ ឬអង្គការសង្គមស៊ីវិលណាដែលថ្លើមធំហ៊ានយកកេរ្តិ៍ឈ្មោះរបស់អង្គការនេះទៅធ្វើជាផលប្រយោជន៍ បម្រើនយោបាយក្រុមខ្លួន។ តែបើអ្វីៗពិតដូចជាព័ត៌មានដែលលេចធ្លាយមែន ហើយបែរជាអង្គការអាន់ហ្វ្រែលចេញមកបដិសេធការពារទាំងទទឹងទិស តាមរយៈសេចក្តីថ្លែងការណ៍រៀបចំឡើងដោយអង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា នោះប្រៀបបាននឹងសត្វដំរីងាប់យកចង្អេរទៅបាំងដូច្នោះដែរ ហើយការពិត ផែនការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតនៅតែមានក្នុងរូបភាពលាក់កំបាំងក្រោមលេសការបោះឆ្នោតត្រឹមត្រូវ សេរី យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ ហើយទង្វើនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨