(ក្រចេះ)៖ ប្រជាពលរដ្ឋ រស់នៅក្រុងក្រចេះ ខេត្តក្រចេះ បានស្នើឱ្យប្រទេសដទៃ ចូលរួមបញ្ចូនខ្លួន លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ មកទទួលទោស២ជីវិតនៅកម្ពុជា ចំពោះអំពើក្បត់ជាតិ ដែលហ៊ានចុះកិច្ចព្រមព្រៀង កាត់ទឹកដីខ្មែរចំនួន៤ខេត្ត ទៅឱ្យជនជាតិភាគតិចវៀតណាម។ ២ជីវិតនេះ ប្រជាពលរដ្ឋខេត្តក្រចេះ ចង់សម្តៅថា លោក សម រង្ស៊ី មិនត្រឹមតែត្រូវទទួលទោសសម្រាប់ពេលរស់រានមានជីវិតនោះទេ ប៉ុន្តែលោក ក៏ត្រូវទទួលទោសផងដែរ នៅពេលដែលលោកអស់ជីវិត។
ការប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តក្រចេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះចេញមក បន្ទាប់ពីសកម្មជនប្រឆាំងទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
លោកព្រឹឹទ្ធាចារ្យ វុធ ថន រស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ បាននិយាយថា ទោសកំហុស លោក សម រង្ស៊ី នៅពេលនេះ ត្រូវតែដាក់ឱ្យបានធ្ងន់ធ្ងរបំផុត ព្រោះជាទោសក្បត់ជាតិ ដែលមិនគួរលើកលែងឡើយ ហើយពលរដ្ឋខ្មែរ ប្រឆាំងដាច់ខាត ស្នើឱ្យបរទេសបញ្ជូន លោក សម រង្ស៊ី មកទទួលទោស នៅកម្ពុជា។
លោក វុធ ថន បាននិយាយយ៉ាងដូច្នេះថា៖ «យើងប្រឆាំងដាច់ខាត មិនគាំទ្រ (លោក សម រង្ស៊ី) ឱ្យធ្វើនយោបាយទៀតទេ។ បើប្រឆាំងហើយ យើងមិនឱ្យធ្វើទេ ហើយមិនឱ្យចូលស្រុកខ្មែរទៀត។ បើចូលមកត្រូវតែឱ្យជាប់គុកមួយជីវិត។ សំណូមពរឱ្យប្រទេសដទៃ ចូលរួមស្រាវជ្រាវរកជននេះ បញ្ជូនមកស្រុកខ្មែរ ដើម្បីដាក់ទោសគាត់»។
លោកបានបន្តថា ប្រជាពលរដ្ឋខេត្តក្រចេះ មានការឈឺចាប់ខ្លាំងណាស់ ចំពោះទង្វើរបស់ លោក សម រង្ស៊ី ដែលសន្យាកាត់ទឹកដីខ្មែរឱ្យជនជាតិដទៃនេះ ព្រោះទឹកដីនេះជារបស់ខ្មែរ។ បើសិនជាកាត់ឱ្យគេ តើពលរដ្ឋខ្មែរបានដីឯណានៅ ដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែចេញមុខដាច់ខាត មិនឱ្យបុគ្គលរូបនេះ មកយកទឹកដីកាត់ទៅឱ្យជនជាតិភាគតិចវៀតណាមបានទេ។ លោកថ្លែងថា ជនជាតិម៉ុងតាញ៉ា មិនមែនជាជនជាតិភាគតិចខ្មែរទេ គឺជាជនជាតិមួយដែលរស់នៅលើទឹកដីវៀតណាម។
លោក វុធ ថន បានបញ្ជាក់ថា៖ «គ្រាន់តែលឺសូរដំណឹងហ្នឹងភ្លាម ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង ហើយសុំឱ្យតុលាការកាត់ទោសជននេះយ៉ាងខ្លាំងបំផុត មិនមែន១ជីវិតទេ គឺ២ជីវិត។ បានន័យថា ២ជីវិតនេះ គឺពេលគាត់នៅរស់ត្រូវយកគាត់ដាក់គុក ហើយពេលគាត់ស្លាប់ទៅ ត្រូវយកខ្មោចគាត់ទៅកប់ មិនឱ្យគ្រួសារគាត់ មកយកបុគ្គលនេះ ទៅធ្វើបុណ្យបានទេ»។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕