(ភ្នំពេញ)៖ ក្នុងពេលអញ្ជើញជាតំណាងរបស់សម្តេចប្រធានរដ្ឋសភា ក្នុងពិធីបើកមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ទិសដៅការងារសម្រាប់នីតិកាលទី៦ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា តាងនាមសមាជិកសមាជិការដ្ឋសភាទាំងមូល បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃសំខាន់នានា ដែលអគ្គលេខាធិការដ្ឋានសម្រេចបាននាពេលកន្លងមក ជាពិសេសក្នុងនីតិកាលទី៥ ទោះបីជាក្នុងកាលៈទេសៈ និងស្ថានភាពនយោបាយមានសភាពស្មុគស្មាញ និងលំបាកយ៉ាងណាក៏ដោយ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំមហាមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ទិសដៅការងារសម្រាប់ នីតិកាលទី៦ ពេញមួយថ្ងៃក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម ផលលំបាក ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅទៅថ្ងៃអនាគត ក្នុងការផ្តល់សេវារដ្ឋបាលដល់រដ្ឋសភា ឲ្យកាន់តែល្អប្រសើរឡើង។
សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានតួនាទីរ៉ាប់រងនៅគ្រប់ភារកិច្ចរដ្ឋបាល និងសេវានានាជូនរដ្ឋសភា ដូចជារៀបចំកំណត់ហេតុរបស់រដ្ឋសភាជាដើម។ នៅក្នុងសុន្ទរកថាបើកមហាសន្និបាតលោកបណ្ឌិត ងួន ញ៉ិល បានលើកឡើងពីសេវាកម្មសំខាន់ៗ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្តល់ជូនរដ្ឋសភា និងដែលបានធ្វើឲ្យរដ្ឋសភា បានបំពេញតួនាទីយ៉ាងពេញលេញក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ។ សេវាកម្មទាំងបីនោះមាន ការងារនីតិកម្ម មុខងារតំណាង និងការតាមដានការអនុវត្តច្បាប់ មុខងារការទូតសភា និងកិច្ចការអន្តរជាតិ។
លោកបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍ថា សេវាកម្មផ្នែកនីតិវិធី និងស្រាវជ្រាវច្បាប់ ដែលមានក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ជាយន្តការគាំទ្រ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយគាំទ្រយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ ជូនដល់រដ្ឋសភា។ ជាក់ស្តែងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត ច្បាប់គណបក្ស នយោបាយ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាដើម ត្រូវបាន យកមកពិនិត្យ ពិភាក្សា និងបានអនុម័តដោយរដ្ឋសភា ដោយយកចិត្តទុកដាក់ខ្ពស់ តាំងពីនៅក្នុង ដំណាក់កាលគណៈកម្មការជំនាញ ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេស និងជំនាញរបស់អគ្គលេខាធិការដ្ឋានដែលមានបទពិសោធន៌ វិជ្ជាជីវៈគ្រប់គ្រាន់ និងអាចទុកចិត្ត។
តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងនីតិកាលទី៥នេះ រដ្ឋសភាកាន់តែមានកិត្យានុភាព និង ការសារទរ ពីសំណាក់ស្ថាប័នអន្តរសភាក្នុងតំបន់ និងសកលលោក តាមរយៈការចូលរួមកិច្ចប្រជុំ និងមហា សន្និបាតនានារបស់អង្គការអន្តរសភា ក៏ដូចជាការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរសភាសំខាន់ៗ មួយចំនួន ក្នុងនោះមាន អន្តរសភាអាស៊ាន (អាយប៉ា) សភាតំបន់អាស៊ី(អេភីអេ) និងសភានិយាយភាសាបារាំងជាដើម ។ ហើយនៅក្នុង ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋសភាយើង នឹងទទួលធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។
«ខ្ញុំសូមធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់នោះ គឺការអនុវត្តកំណែទម្រង់នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ អគ្គលេខាធិការដ្ឋានបានរៀបចំ និង អនុវត្តបានយ៉ាងល្អ និងត្រឹមត្រូវតាមនីតិវិធី ទោះបីជាស្ថាប័នរដ្ឋសភាត្រូវអនុវត្តតាមច្បាប់ ដោយឡែកក៏ដោយ។ ជាក់ស្តែងការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែលជាកំណែទម្រង់មួយសាំញាំ និងមានលក្ខណៈបច្ចេកទេសខ្ពស់ ក៏អគ្គលេខាធិការដ្ឋានរដ្ឋសភាបានអនុវត្តជាជំហានៗ និងទទួលបានលទ្ធផលជាបណ្តើរៗគួរជាទីមោទនៈ»។ នេះការលើកឡើងរបស់លោកអនុប្រធានទី២រដ្ឋសភា។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានគូសបញ្ជាក់ថា ការរៀបចំមហាសន្និបាតនាពេលនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យ វាយតម្លៃពីវឌ្ឍនភាពការងារ សមិទ្ធផលដែលសម្រេចបាន និងសិក្សាពីបញ្ហាប្រឈមនានាក្នុងអាណត្តិកន្លងមក ដើម្បីស្វែងរក ដំណោះស្រាយ ព្រមទាំងលើកទិសដៅសម្រាប់អាណត្តិបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ ក៏នឹងពិនិត្យជាក់លាក់ និងស៊ីជម្រៅលើសេវារដ្ឋបាល និងបច្ចេកទេសដែលដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់តួនាទីស្នូលទាំង៣របស់រដ្ឋសភាជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដានការអនុវត្តច្បាប់ និងភាពជាតំណាង ដើម្បីធ្វើជាមូលដ្ឋានសម្រាប់កំណត់ទិសដៅនិងចក្ខុវិស័យសំដៅឆ្លើយតបទៅនឹងដំណើរវិវត្តន៍នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងស្រុក តំបន់ និងពិភពលោក។
លោកអគ្គលេខាធិការបន្តថា «តាមរយៈមហាសន្និបាតនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាក៏នឹងដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្ម ភាពសម្រាប់ឲ្យគ្រប់អង្គភាពបន្តអនុវត្ត សំដៅធានាបាននូវការផ្ដល់សេវាជូនរដ្ឋសភាកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា»។
សូមជម្រាបថា ក្នុងមហាសន្និបាតពេញមួយថ្ងៃនេះ អគ្គនាយកដ្ឋាន និងអង្គភាពនានានៅក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងលើកឡើងពីលទ្ធផលការងារស្នូលរបស់ខ្លួន ដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈម និងការលំបាកទាំងឡាយ។ មហាសន្និបាតនេះ គឺជាវេទិកាដែលត្រូវជជែកគ្នា ដើម្បីរកដំណោះស្រាយ និងកំណត់ទិសដៅដែលត្រូវអនុវត្តបន្ត ក្នុងការជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើងស្របតាមការរីកចម្រើនសង្គមជាតិ និងបច្ចេកវិទ្យា។
ថ្លែងបើកមហាសន្និបាតលោកបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ដើម្បីឆ្លើយតបកំណើននៃតម្រូវការ និងទំហំការងាររបស់រដ្ឋសភា ក៏ដូចជាដើម្បីចូលរូមបន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លោកសូមផ្តល់នូវអនុសាសន៍មួយចំនួន សំដៅធ្វើយ៉ាងណាប្រែក្លាយអគ្គលេខាធិការដ្ឋានរដ្ឋសភាបច្ចុប្បន្នឲ្យកាន់តែទំនើប និងមានសមត្ថភាពជាងមុន ក្នុងការជួយជ្រោមជ្រែងដល់តួនាទីស្នូលរបស់រដ្ឋសភា សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អនៅកម្ពុជា ក៏ដូចជាក្នុងការជួយពង្រឹងសមត្ថភាពការទូតសភាកម្ពុជានៅលើឆាកអន្តរជាតិ។
លោកបន្តថា អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវបន្តជំរុញការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និងទី៤ ដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសង្គតិភាពថវិការដ្ឋ។ អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ធ្វើទំនើបកម្មស្ថាប័ន ឲ្យស្របទៅនឹងការវិវត្តរបស់ស្ថាប័ននានាក្នុងតំបន់ និងពិភពលោក។ អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវបន្តលើកកម្ពស់គុណភាពនៃការធ្វើទំនាក់ទំនងរវាងតំណាងរាស្រ្តនិងម្ចាស់ឆ្នោត និងជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ៕