(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ បាននិមន្តព្រះសង្ឃចំនួន២៨អង្គ ធ្វើពិធីសូត្រមន្តរាប់បាត្រ ប្រសិទ្ធពរជ័យមង្គលវិបុលសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ មិនតែប៉ុណ្ណោះ ក្រោយចប់ពិធីសូត្រមន្តរាប់បាត្រ ក៏មានកាតចែកជូននូវ ថវិកា សាបៀរ និងទឹកសុទ្ឋជូនមន្ត្រីរាជការដែលបម្រើការងារនៅក្នុងសាលាខណ្ឌទាំងអស់ផងដែរ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងលោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌ ព្រមអភិបាលរង និងមន្ត្រីរាជកាក្រោមឱវាទជុំវិញខណ្ឌផងដែរ។
ក្នុងឱកាសនោះដែរ ក្រៅពិធីសូត្រមន្តរាប់បាត្រ ក៏មានការចែកថវិកា សាបៀរ និងសុទ្ធជូនដល់មន្ត្រីរាជការ ដែលបម្រើការនៅក្នុងសាលាខណ្ឌទាំងអស់ចំនួនជាង២០០នាក់។ ក្នុងនោះនាយករដ្ឋបាលសាលាខណ្ឌ ទទួលបានថវិកា៣០ម៉ឺនរៀល ស្រាបៀរ១កេស ទឹកសុទ្ធ២កេស, នាយករងរដ្ឋបាលទទួលបានថវិកា២៥ម៉ឺនរៀល ស្រាបៀរ១កេស ទឹកសុទ្ធ២កេស, ប្រធានការិយាល័យម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល ទឹកសុទ្ធ២កេស ស្រាបៀរ១កេស, នាយរងការិយាល័យ ទទួលបាន១៥ម៉ឺនរៀល ទឹកសុទ្ធ២កេស ស្រាបៀរ១កេស និងមន្ត្រីទូទៅក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ស្រាបៀរ១កេស និងទឹកសុទ្ធ២កេស នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
លោក ហែម ដារិទ្ធិ បានថ្លែងថា នេះជាទឹកចិត្ត និងការគៀងគរពីសប្បុរសជន និងតាមសហគ្រាសនានា ជួយឧប្បត្ថម្ភ សូមមន្ត្រីទាំងអស់បន្ថែម នឹងយកចិត្តទុកដាក់បម្រើបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែយកចិត្តដាក់ឲ្យបានល្អ៕